ផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលគ្រោងចំណាយថវិកាជាតិ ចំនួន១៥០លានដុល្លារ សម្រាប់ស្ថាបនាអាចនឹងបើកការដ្ឋាន​ជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ

AKP សៀមរាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

សម្តេច​ពិជ័យសេនា ទៀ បាញ់​ ឧបនាយរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តន៍ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញានេះថា កិច្ចប្រជុំគណៈកម្មការនៅថ្ងៃនេះ បានសម្រេចពន្លឿនការងារ រៀបចំស្ថាបនាផ្លូវ៣៨ខ្សែ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារ សម្រាប់ស្ថាបនា នេះឱ្យបាន​លឿនជាទីបំផុត។

ឥឡូវនេះ សម្រាប់ផ្លូវដែលបាន​កំណត់ហើយ​នោះ គឺមាន​បញ្ហាមួយចំនួនដែល ត្រូវចាត់វិធាន​ការដោះស្រាយឱ្យបាន​លឿន គឺមានប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវដែល អាជ្ញាធរត្រូវជូនដំណឹងទៅគាត់ឱ្យរុះរើចេញឱ្យបានឆាប់។ សម្តេចក៏បានអំពាវនាវឱ្យប្រជា ពលរដ្ឋដែលបានសង់សំណង់លើដីផ្លូវប្រញាប់រុះរើឱ្យបានលឿន ហើយការរុះរើនេះពុំមាន សំណងទេ ព្រោះប្រជាពលរដ្ឋទាំងនោះធ្លាប់បានសន្យាហើយថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួក គាត់និងរុះរើចេញដោយខ្លួនឯង។

សម្តេចបាន​បញ្ជាក់ថា បើសិនជាគ្មានការប្រែប្រួលទេផ្លូវទាំង​៣៨ខ្សែនេះ និងត្រូវបើក ការដ្ឋាន​ស្ថាប​នាជាផ្លូវ​ការដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

សម្តេចពិជ័យសេនាបាន​បញ្ជាក់ថា ក្រោយពីផ្លូវទាំងនេះ​ស្ថាបនារួចរាល់ និងផ្តល់ផល ប្រយោជយ៉ាង​ច្រើន​ដល់ប្រជាជនក្នុងខេត្តសៀមរាប​ ក៏ដូចជាប្រទេសជាតិទាំង​មូល ព្រោះថា នៅពេលស្ថាន​ភាព​កូវីដ ១៩ចប់ ភ្ញៀវទេសចរគេនឹងមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប​នេះ ពេលនោះគេនឹងឃើញ​ពីការ​អភិវឌ្ឍថ្មីៗ មាន​ផ្លូវស្អាតងាយស្រួយក្នុងការធ្វើដំណើរ ដែលជាកត្តាមួយរួមចំណែក​ទាក់ទាញភ្ញៀវ ទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបនេះច្រើនឡើងវិញ ព្រោះគេមកកម្សាន្តនៅសៀមរាប គេបានទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត ធម្មជាតិជាច្រើនសម្បូរបែប ហើយមាន​ផ្លូវងាយ ស្រួលក្នុងការធ្វើដំណើរទៅមកផងដែរ។

សម្តេចពិជ័យសេនាបាន​បញ្ជាក់ទៀតថា សម្រាប់ការអនុវត្តគម្រោង ស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ ឱ្យរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ៕

ដោយ ឃុត សៅ