អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២០នេះ ​មានជាង១២ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានគូសបញ្ជាក់ថា សម្រាប់បេក្ខជន ដែលបាន​ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង​១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ខែធ្នូខាងមុខនេះ។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានី ខេត្តទូទាំងប្រទេសមានចំនួន១២១,២០១នាក់ ក្នុងនោះស្រីចំនួន៦៣,៩៣៧នាក់។ ឯកឧត្ដមបានបន្ដថា ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​បានចែកជាពីថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម​ដោយបេក្ខជន​ដែលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនសរុបចំនួន៤០,៧៦៥នាក់  ស្រី២៣,៦៣៦នាក់។ ចំណែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៨០,៤៣៦នាក់ ។

បើតាមឯកឧត្ដម រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំបានត្រៀមមណ្ឌលប្រឡងក្នុង​ឆ្នាំនេះ ចំនួន ២៣៧ មណ្ឌល ដោយស្មើ ៤,៨៩១ បន្ទប់ ក្នុងនោះ មណ្ឌលប្រឡងថ្នាក់វិទ្យា​សាស្ត្រ មានចំនួន ៨២ មណ្ឌលស្មើ ១, ៦៥១ បន្ទប់។ ជាមួយគ្នានេះ ក្រសួងអប់រំអះអាងថា​គ្មានឡើយការបន្ធូរដៃចំពោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែល​​នឹងត្រៀមប្រឡងនៅ ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនោះឡើយ។

អ្នកនាំពាក្យរូបនេះបានបន្ដទៀតថា ដំណើរការរៀបចំការប្រឡង និងដំណើរការ រៀប​ចំវិញ្ញាសា សម្រាប់ឆ្នាំ ២០២០គឺអនុវត្តន៍ទៅតាមគោលការណ៍ ៤ ចំណុច ដែលមាន ស្រាប់​រួមមាន៖ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ការរៀបចំវិញ្ញាសារវិញក្រសួង​អប់រំនៅតែអនុវត្តន៍ដូច ជាឆ្នាំមុនៗដដែល។ ក្រៅពីនេះ ក្រសួងអប់រំបានណែនាំដល់អភិបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ភូមិ ស្រុកទូទាំងប្រទេស រួមគ្នាសហការជាមួយនឹងមន្ទីរអប់រំ តាម​តំបន់​របស់ខ្លួនរៀបចំរក្សាសុវត្ថិភាពទាំងមុន ដំណើរការប្រឡង រហូតដល់ក្នុងការប្រកាស​លទ្ធ​ផលប្រឡង ។

ឯកឧត្ដមបានឱ្យដឹងដែរថា នៅពេលជិតកៀកថ្ងៃប្រឡងបាក់ឌុបក្រសួងអប់រំបាន ណែ​នាំ​ឱ្យអភិបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ភូមិ ស្រុកចាត់ចែងឱ្យមានអ្នកចុះសម្របសម្រួល ជាមួយនឹងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កុំដំឡើងថ្លៃដល់បេក្ខជនប្រឡង និងគណៈ មេប្រយោគ។ លើសពីនេះទៀត សម្រាប់ថ្ងៃប្រឡងមកដល់ក្រសួងអប់រំណែនាំ ឱ្យគ្រប់​មណ្ឌល​ប្រឡងនីមួយៗ សម្រួលដល់ការផ្ញើរកង់ ម៉ូតូ របស់បេក្ខជនប្រឡង និងគណៈមេ​ប្រយោគ។ សម្រាប់ក្នុងដំណើរការប្រឡង ក្រសួងអប់រំ ក៏បានចាត់ចែងឱ្យមានមន្ត្រី សុខាភិ​បាល និងសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រាជធានី ខេត្ត គណៈកម្មការ អប្បមាទ គណៈ​មេប្រយោគ ប្រចាំការ សម្រាប់ជួយសម្រួលដល់សិស្ស ដែលមានបញ្ហាសុខភាព និង ត្រួត​ពិនិត្យរាល់ដំណើរការប្រឡង ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ នឹង ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ ២០២០ នេះ។

ដោយ ប៊ុនរិទ្ធ