រដ្ឋបាលខេត្តកណ្តាល បើកវេទិកាសាធារណៈដើម្បីពិគ្រោះយោបល់ ពាក់ព័ន្ធដល់ការបូមខ្សាច់នៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាលបើកវេទិកាសាធារណៈ ដើម្បី ពិគ្រោះយោបល់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធដល់ការបូមខ្សាច់សម្រួលចរន្តទឹក និងនាវាចរស្ថិតនៅតាមដងទន្លេបាសាក់ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោម អធិបតី លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា ការបូម ស្ដារទន្លេនៅពេលនេះ មានគោលបំណង ដើម្បីសម្រួលចរន្តទឹកហូរ និងធានាការធ្វើចរាចរទៅ មកបានរលូន ទាំងរដូវប្រាំង និងរដូវវស្សា និងអាចចៀសវាងបាននូវហានិភ័យ ដែលប៉ះពាល់ ដល់ការបាក់ច្រាំងទន្លេផងដែរ។ វេទិកាផ្សព្វផ្សាយនៅពេលនេះ គឺឱ្យប្រជាពលរដ្ឋបានយល់ ច្បាស់ពីទីតាំងដែលត្រូវបូមស្ដារ និងពេលវេលា។ ដោយការបូមស្ដារ គឺបូមចាប់ពីម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូមលើសម៉ោងដែលបានកំណត់ឡើយ ហើយការបូមមិនអនុញ្ញាតឱ្យបូមនៅថេរមួយកន្លែងលើសពី៧ថ្ងៃឡើយ។

ក្នុងករណីមានការបូមខុសច្បាប់ លោកអភិបាលរងខេត្ត បានសំណូមពរ ឱ្យប្រជា ពលរដ្ឋត្រូវរាយការណ៍ភ្លាមៗមកអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីមានវិធានការ បានទាន់ពេលវេលា ហើយរាល់ការប្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានរក្សាការសម្ងាត់។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ក្រុមហ៊ុន និងម្ចាស់ដេប៉ូដឹកខ្សាច់ ទាំងអស់ត្រូវគោរពឱ្យបាននូវលក្ខណៈបច្ចេកទេស ត្រូវបោះពោងសម្គាល់ទីតាំងឱ្យបាន ត្រឹមត្រូវ សាឡង់បូមខ្សាច់ត្រូវមានស្លាកលេខសម្គាល់ និងមានស្លាកសញ្ញាLOGO របស់ ក្រុមហ៊ុន ហើយរាល់ការដឹកជញ្ជូនខ្សាច់តាមរថយន្ត ត្រូវគ្របឱ្យបានជិតជាប់គត់មត់ និងត្រឹមត្រូវស្របតាមសារាចលេខ ០៣១០ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីវិធានការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)