CAMSOC ត្រួតពិនិត្យលើវឌ្ឍនភាពទីលានប្រកួតត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមបណ្ឌិត ថោង ខុន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបន្តពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងារ ក្នុងការរៀបចំទីលានប្រកួត ហេដ្ឋារចនាសម្ព័ន្ធ ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារជារួមថា ការរៀបចំទីលាន ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានជួសជុលឡើងវិញ ហើយគ្រោងនឹងសម្ពោធនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ព្រមទាំងអញ្ជើញធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យលើទីលានហ្វឹកហាត់ និងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រមាណ ១០ប្រភេទកីឡា នៅក្នុងពហុកីឡដ្ឋានជាតិផងដែរ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កិច្ចប្រជុំនេះ ឯកឧត្តម ជា បូរ៉ា ប្រធានគណៈកម្មការទីលានប្រកួតនៃ CAMSOC បានធ្វើបទបង្ហាញខ្លះៗអំពីទីលានប្រកួតចំនួន៣ទីតាំង ដែលត្រូវបានកំណត់រួចហើយ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ (ស្ថិតនៅខណ្ឌជ្រោយចង្វារ) ដែលជាកន្លែងប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ផង និងជាកន្លែងប្រកួតកីឡាមួយចំនួនផង ខណៈពហុកីឡដ្ឋានជាតិអូឡាំពិកក៏ជាកន្លែងប្រកួតកីឡាមួយចំនួនធំដែរ។ ចំពោះខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប គឺជាទីតាំងប្រកួតនៃប្រភេទកីឡាលើទឹកមួយចំនួនទៀត។ នេះគឺគោលដៅនៃការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាតមិនទាន់ត្រូវតាមស្តង់ដារ ឬមិនទាន់មាន គឺត្រូវកសាងបន្ថែម ដើម្បីបំពេញបន្ថែមឱ្យសមស្របតាមស្តង់ដារបច្ចេកទេស សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣។

ក្រៅពីដំណើរទស្សនកិច្ចលើទីលានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបន្តត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងដំណើរការសាងសង់កីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ស៊ីហ្គេម ក៏ដូចជាគ្រោងពិនិត្យទីលានប្រកួតមួយចំនួនទៀត នៅទីនោះ ដូចជាអាងហែលទឹក កីឡដ្ឋានក្នុងសាល ទីលានអត្តពលកម្ម បាល់ទះ វាយកូនបាល់ បាល់បោះ…ដែលបានបញ្ចប់ការសាងសង់រួចរាល់នៃដំណាក់កាលទី១ កន្លងទៅ។ ទីលានប្រកួតមួយចំនួននៃពហុកីឡដ្ឋានជាតិមរតកតេជោធ្លាប់បានប្រើប្រាស់រួចហើយនាពេលកន្លងមក ខណៈភូមិកីឡាកំពុងដំណើរការសាងសង់នៅទីនោះ ដើម្បីឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹកស្នាក់នៅ ហូបចុក ដែលអាចផ្ទុកបានប្រមាណ ១ម៉ឺននាក់។

ឯឝឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០២០ CAMSOC នឹងធ្វើវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ ហើយនៅឆ្នាំ២០២១នឹងកែលម្អឱ្យត្រូវតាមស្តង់ដារ រីឯនៅក្នុងឆ្នាំ២០២២ សហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មការជំនាញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នឹងមកត្រួតពិនិត្យវាយតម្លៃថា ការរៀបចំទីលានប្រកួតរបស់កម្ពុជាត្រូវតាមស្តង់ដារឬអត់ ហើយចូលដល់ចំណុចស្តង់ដារប៉ុន្មានភាគរយ ដើម្បីទទួលការប្រកួត ឱ្យមានភាពច្បាស់លាស់ ពីព្រោះកីឡាលើពិភពលោកមានប្រភពស្តង់ដារតែមួយ។

ឯឝឧត្តម អគ្គលេខាធិការបានលើកឡើងទៀថា កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលតែងតែធ្វើឱ្យកិច្ចប្រជុំពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានការវិវឌ្ឍរីកចម្រើន ជាមួយនឹងការកំណត់នូវគោលដៅយ៉ាងច្បាស់លាស់ និងសម្រេបាននូវលទ្ធផលជាផ្លែផ្កាមួយជំហានម្តងៗ ហើយអ្វីដែលសំខាន់គឺភាពកក់ក្តៅ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រផងដែរ ៕ ដោយ៖ ហេង  ណាលីន