សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ថវិកា៣ម៉ឺនដុល្លារអាម៉េរិក ដល់មន្ទីរពេទ្យចំនួនពីរក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបកាលពីរសៀលថ្ងៃ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារអាម៉េរិក ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង២ម៉ឺនដុល្លារអាម៉េរិកទៀតប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យ ក្នុងការព្យាបាលអ្នកជំងឺជាពិសេសកុមារ។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ថវិកាទាំងនេះគឺបានមកពីបងប្អូនសប្បុរធម៌ នានា ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារ និងមន្ទីរពេទ្យបង្អែក ខេត្ត ក្នុងការបង្ហាញពីបេះដូងមនុស្សធម៌។ លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យបង្អែកខេត្ត ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ និងប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម។

លោកជំទាវបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ ជាពិសេសបងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យទាំងពីរនេះជាមន្ទីរពេទ្យ ដែលកំពុងតែជួយព្យាបាលជំងឺកុមារ និងប្រជាពលរដ្ឋទូទៅប្រកបដោយវិជ្ជាជីវៈ។

លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា  គ្រប់សកម្មភាពដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំធ្វើទៅតាមគ្រប់រូបភាពនាពេលកន្លងមក គឺក្នុងបំណងប្រមូលមូនិធិក្នុងការទ្រទ្រង់ចលនាមនុស្សធម៌ ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារ និង ប្រជាពលរដ្ឋកម្ពុជាទូទៅនៅពេលគាត់មានការលំបាក ៕ ដោយ៖ឃុត សៅ