សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​នូវ​គំនិត​មួយចំនួន​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្នុងខណៈ​ប្រទេស​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ កូ​វីដ​-១៩

AKP ភ្នំពេញ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងខណៈដែល​ប្រទេស​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ កូ​វីដ​-១៩​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើ​ឡើង​នូវ​គំនិត​មួយចំនួន ដើម្បីឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកបដោយ​ចីរភាព​។​

​ក្នុង​សុន្ទរកថា​គន្លឹះ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្រោម​ប្រធានបទ​៖ «​ការកសាង​ឆ្ពោះទៅមុខ​ប្រកបដោយ​ចីរភាព នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​» តាម​ប្រព័ន្ធ​វីដេអូ នា​រសៀល​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន និង​កំពុង​បង្កើន​ការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជា​កា​ន់​តែ​ខ្លាំង​ឡើង ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សង្គម​-​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​។​ប្រការនេះ បានធ្វើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្លាយជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ទោះបីជា​ប្រទេស​យើង​នីមួយៗ​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ នៅក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​ក៏ដោយ​។

​សម្ដេច​តេ​ជោ​បានលើកឡើង​នូវ​គំនិត​មួយចំនួន ដែល​ក្នុងនោះ​រួមមាន ទី​១. ការកាត់បន្ថយ​នូវ​ផលប៉ះពាល់ និង​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​រក្សា​លំនឹង​ផលិតកម្ម កិច្ចដំណើរការ​នៃ​ធុរកិច្ច និង​ការវិនិយោគ​នានា គឺជា ការងារ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​នីមួយៗ ត្រូវតែ​ប្រឹងប្រែង​អនុវត្តន៍​ឱ្យបាន​ជា​អតិបរមា​។ ដើម្បី គោលដៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច និង​បន្ទាន់​ចំនួន ៥​ជុំ​រួចមកហើយៗ​កំពុងតែបន្ត​តាមដាន​សភាពការណ៍ ប្រកបដោយ​ការយកចិត្តទុកដាក់ ខ្ពស់ ដោយ​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​ថែមទៀត តាម​ការចាំបាច់​។ ទី​២. ទស្សនវិជ្ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់​ការកែទម្រង់​នៅក្នុង​ប្រទេស​នីមួយៗ​។ លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​បន្ថយល្បឿន​នៃ​ការងារ​កែទម្រង់​របស់ខ្លួន​នៅក្នុង​គ្រប់​វិស័យ​នោះឡើយ ផ្ទុយទៅវិញ​គោលដៅ​របស់​យើង គឺ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ តាមរយៈ​ការបង្ក​ភាពងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​។ ទី​៣. ជំងឺ​កូ​វីដ​បាន​នាំមក​នូវ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស​ចំណូល រដ្ឋ ។ ការបាត់បង់​ចំណូល​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​យន្តការ​ថ្មីៗ ដើម្បី​កៀរគរ ធនធាន​ហិរញ្ញវត្ថុ ដែល​អាច​យកមកប្រើ​ប្រាស់​ក្នុងការ​អភិវឌ្ឍ​នាពេល​អនាគត​។ ដើម្បី​សម្រេច បាន​គោលដៅ​នេះ សម្តេច​តេ​ជោ​យល់ឃើញថា ការចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន គឺ ជា​យន្តការ​ស្នូល​មួយ​មិនអាច​ខ្វះ​បាន ដែល​នឹង​ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញ វត្ថុ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ទាំង​នៅក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​នេះ​។ ទី​៤. នៅក្នុង​បរិការណ៍​ដ៏​លំបាក​នេះ ដើម្បី​ធានា​ជំរុញ​ការកែទម្រង់​របស់ខ្លួន​ទៅមុខ ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវការ​ចាំបាច់​នូវ​កិច្ចសហការ​ជាស​កល ពោល គឺ ការរក្សា​នូវ​ភាពជា​ដៃគូ ទាំង​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​បរិស្ថាន​នៃ​ការអភិវឌ្ឍ សន្តិភាព និង​ស្ថិរភាព​ក្នុង តំបន់ និង​ពិភពលោក ។ ជាមួយគ្នានេះ​ផងដែរ ការពង្រឹង​និង​រក្សាបាន​នូវ​លំហូរ​នៃ​ការវិនិយោគ ទេសចរណ៍​អន្តរជាតិ និង​លំហូរ​ដោយ​សេរី និង​រលូន នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជាពិសេស ចរាចរណ៍​នៃ​ទំនិញ​ចាំបាច់ ដូចជា ស្បៀងអាហារ និង​បរិក្ខារ​ពេទ្យ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ធានា​ស្ថិរភាព សុវត្ថិភាព លំនឹង​ជីវភាព​សង្គម​និង​កិច្ចដំណើរការ​ឡើងវិញ​នៃ​ច្រវាក់​ផ្គត់ផ្គង់​និង​ផលិតកម្ម នៅក្នុង​កម្រិត​ប្រទេស​នីមួយៗ ក៏ដូចជា​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។ ទី​៥. យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ខិតខំ​ពង្រឹង​សកលភាវូបនីយកម្ម ដែល​កន្លងមក បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បាន​បង្កើត​លក្ខខណ្ឌ​មិន​ធ្លាប់មាន សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន គ្រប់​ស្រទាប់វណ្ណៈ​។ ក្នុង​បរិការណ៍​នេះ យើង​ត្រូវតែ​ធានា​ឱ្យបាន​ថា យន្តការ​កិច្ច​សហប្រតិបត្តិ ការ​របស់​យើង នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជា ពិសេស ការ​ព​ន្លឿ​ន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ ទី​៦. ដោយ​មិន​បង្អែរ​បង្អង់ យើង​ត្រូវ​នាំគ្នា​គិតគូរ​ជា​យុទ្ធសាស្ត្រ អំពី​កិច្ច​ការស្តារ និង ជំរុញ​ការ​ងើបឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ តាមរយៈ​កា​រព​ន្លឿ​ន​នូវ​ការអនុវត្ត​ផែនការ និង​យន្តការ​នានា​ដែលមាន​ស្រាប់ និង​ដែល​ត្រូវបាន​រៀបចំ បន្ថែម​ឱ្យបាន​លឿន និង ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទី​៧.​ក្នុង​កម្រិត​សកល យើង​ត្រូវតែ​បន្ត​ធានា​ឱ្យបាន​នូវ​និរន្ត​ភាព​នៃ​ការ​ផ្តល់ជំនួយ អន្តរជាតិ ជាពិសេស ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​បន្ត​ជំរុញ​ច​លន​ការ នៃ​ការងារ​កែទម្រង់​ប្រកបដោយ​ចីរភាព ដែលជា​របៀបវារៈ​ឆ្នាំ ២០៣០ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់ ចំពោះ​ការផ្តល់​កិច្ចសហការ​ប្រកបដោយ​បុ​រេ​សកម្ម និង​ការ​ផ្តល់នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដែល​បាន​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​៕ ដោយ ជឹម ណា​រី​