ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ផ្ដល់​ចំណេះដឹង​ដល់​សហគ្រិនភាព​ ​ក្នុង​វិស័យ​កសិកម្ម សម្រាប់​យុវជន​នៅ​ស្រុក​ខ្សាច់កណ្ដាល​

AKP កណ្តាល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០
​ដោយសារ​តែមាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ​មានការ​ធ្លាក់ ចុះ​ហើយ​វិស័យ​មួយចំនួន​ជាប់គាំង នៅតែ​វិស័យ​កសិកម្ម ដែល​អាច​ដំណើរការបាន​ជាធម្មតា ទើប​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ផ្ដល់​ចំណេះដឹង​ជូន​សហគ្រិនភាព ក្នុង​វិស័យ កសិកម្ម​សម្រាប់​យុវជន នៅ​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​វិស័យ​កសិកម្ម​។​
​ ​
​ពិធី​បណ្ដុះបណ្ដាល ស្ដីពី​សហគ្រិនភាព ក្នុង​វិស័យ​កសិកម្ម​សម្រាប់​យុវជន​ស្រុក​ខ្សាច់ កណ្តាល​នេះ ក្រោម​អធិបតីភាព ឯកឧត្តម កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ព្រមទាំង​អស់លោក លោកស្រី អភិបាល ស្រុក​ខ្សាច់កណ្តាល រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​យុវជន​ស្រុក​ផងដែរ កាលពី​ថ្ងៃទី​២២ កញ្ញា ឆ្នាំ​២០២០​។

​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បានធ្វើកា​រ​ណែនាំ ដល់​យុវជន​ក្នុងស្រុក​ខ្សាច់កណ្តាល​ថា ដោយសារតែ​បញ្ហា covid.19 ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​សេដ្ឋកិច្ច លើ​ពិភពលោក​ក៏ដូចជា​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ ដូច្នេះហើយ បានជា សម្ដេច​តេ​ជោ ហ៊ុន សែន មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ទើប​រាជ រដ្ឋាភិបាល​បញ្ចេញ​សាច់ប្រាក់​ហិរញ្ញប្បទាន​ចំនួន​៥០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់ ផ្នែក​កសិកម្ម ការដាំដុះ ការចិញ្ចឹម​សត្វ ការបង្កបង្កើន​កម្មផល ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ជា​យុទ្ធសាស្ត្រ ទប់ស្កាត់​ដល់​ការនាំ​ចូល​ពី​ខាងក្រៅ​ផងដែរ​។​
​ ​
​ឯកឧត្តម​ប្រតិភូ​អគ្គនាយក នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​មាន ប្រសាសន៍ថា សូម​យុវជន​យើង ទាំងអស់​មេត្តា​ធ្វើ​ការដាំដុះ​ប្រកប​ដោយមាន លក្ខណៈ​បច្ចេក ទេស​តាម​ស្តង់ដារ ការដាំដុះ​លក្ខណៈ​តូចតាច​ធ្វើឱ្យ​បងប្អូន​មិនបាន​ទទួល​ទិន្នផល​ខ្ពស់ នោះទេ ត្រូវ​ចេះ​កែប្រែ​ពី​អាជីវកម្ម​កសិកម្ម មកជា​កសិកម្ម​បែប​សហគ្រិន​ដែលមាន​និរន្ត​ភាព​៕ ដោយ​៖ សួស សំរិត