កម្ពុជា​អនុម័ត​យល់ព្រម​លើ​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល និង​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​គាំទ្រ និង​អនុវត្តន៍ ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០
​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល (NTB) បាន​ផ្តល់យោបល់ ឯកភាព អនុម័ត​យល់ ព្រម​លើ​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​បាន​អភិវឌ្ឍន៍​ក្នុង វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​ក្របខ័ណ្ឌ គុណវុឌ្ឍិ​ជាតិ​កម្ពុជា​(CQF) ឱ្យ​ផ្សារភ្ជាប់​ទៅនឹង​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​យោង​អាស៊ាន​(AQRF) ក៏ ដូចជា​ការគាំទ្រ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្តល់​គុណវុឌ្ឍិ​សម្រាប់​កម្ពុជា (CBACS) ដើម្បី​លើកកម្ពស់​និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ស​ង្គ​ម​សេដ្ឋកិច្ចកម្ពុជា​នាពេល បច្ចុប្បន្ននេះ ។

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​លើក​ទី​១០ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល (National Training Board, NTB) បាន​គូសបញ្ជាក់ថា កន្លងមក​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះ បណ្តាល ធ្លាប់បាន​អនុម័ត​យល់​ព្រម​ដាក់ឱ្យ​ប្រើប្រាស់ និង​អនុវត្ត​គោលនយោបាយ​មួយ ចំនួន​សម្រាប់​អនុវត្ត​នៅក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​កញ្ចប់ ស្តង់ដារ​បណ្តុះបណ្តាល​តា​ម​វិស័យ​អាទិភាព​លើ​មុខរបរ​ដែល​ទីផ្សារ​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ជាច្រើន​រួចមកហើយ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដថា កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​នេះ គឺជា​ឯកសារ​គោល​ក្នុងការ​កំណត់​សមត្ថភាព​សំខាន់ៗ ដូចជា​សមត្ថភាព​មូលដ្ឋាន ឬ​សមត្ថភាព​គាំទ្រ​ការបំពេញ​ការងារ (​ជំនាញ​ទន់​) និង​សមត្ថភាព​ស្នូល (​ជំនាញ​បច្ចេកទេស​បំពេញការងារ​)​ជាដើម​។

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​លើក​ទី​១០ នេះ អង្គប្រជុំ​បានអនុម័ត​យល់ព្រម​លើ​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​លើ ៦​វិស័យ ចំនួន ៣៣​មុខរបរ ចាប់ពី​កម្រិត ១ ដល់​កម្រិត ៥ នៃ​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា (CQF) ក្នុងនោះ​រួមមាន ទី​១. វិស័យ​សំណង់​មាន ៨​មុខរបរ​។ ទី​២. វិស័យ​មេកា​និក (​អនុវិស័យ​រថយន្ត​) មាន ៧​មុខរបរ​។ ទី​៣. វិស័យ​អគ្គិសនី និង​ថាមពល​មាន ៥​មុខរបរ​។ ទី​៤. វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា​មាន ៤​មុខរបរ​។ ទី​៥. វិស័យ​កម្មន្តសាល​មាន ៧​មុខរបរ​។ ទី​៦. វិស័យ​បរិក្ខារ​ត្រជាក់ និង​កំដៅ​មាន ២​មុខរបរ និង​កញ្ចប់​ស្តង់ដា​បណ្តុះ​បណ្តាល​អ្នកវាយតម្លៃ​សមត្ថភាព​កម្រិត​១៕​ដោយ៖ រិទ្ធី