មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ ស្នើឱ្យ​ទីភ្នាក់ងារ​បរទេសមួយ កែសម្រួល​កំហុសឆ្គង​នៅលើ​គេហទំព័រ​របស់ខ្លួន​ជាបន្ទាន់​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០
​ប្រជាពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជាច្រើន​ទៀត​បាន​ផ្ទុះ​ការរិះគន់ និង ប្រតិកម្ម ជាខ្លាំង​លើ​ក្រុមហ៊ុន​ទីភ្នាក់ងារ ទេសចរណ៍​របស់​អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែល​យក​រូប​ប្រាសាទ​អង្គរ វត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ ពាក្យ​សម្គាល់ ប្រទេស​វៀតណាម​នៅ​ពីលើ​។ «Wendy Wu Tours» ជាទី​ភ្នាក់ងារទេសចរណ៍ ដ៏​ល្បី​មួយ​របស់ ប្រទេស​អូស្ត្រាលី ដែល​បាន​នាំ​ភ្ញៀវទេសចរ អន្តរជាតិ​មក​ទស្សនា ប្រទេស​កម្ពុជា​ជា​ញឹក ញាប់​។

​ថ្មីៗ​នេះ គេហទំព័រ​របស់​ទីភ្នាក់ងារ ទេសចរណ៍​មួយ​នេះ បាន​បង្ហោះ​រូបភាព​ស្ដីពី តំបន់​ទេសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ក៏មាន រូបភាព​ប្រាសាទអង្គរវត្ត ដ៏​ស្រស់​ឆើតឆាយ​របស់​កម្ពុជា​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពពី​ក្រសួងទេសចរណ៍​។ ប៉ុន្តែ​គេហទំព័រ​នេះ បាន​បង្កើត​នូវ​កំហុសឆ្គង​ដោយ​អ​ចេតនា​មួយ គឺ​នៅត្រង់ នៅ​ផ្នែក​ខាងលើ​នៃ​រូបភាព​ប្រាសាទអង្គរវត្ត គេ​បាន​សរសេរ​ពាក្យ​ថា «VIETNAM» ជាហេតុ​នាំ ឱ្យមាន​ការយល់ច្រឡំ​ថា ប្រាសាទអង្គរវត្ត ស្ថិតនៅ​ប្រទេស​វៀតណាម​។​

​កំហុសឆ្គង​របស់​ក្រុមហ៊ុន​ទេសចរណ៍​អូស្ត្រាលី​មួយ​នេះ នាំឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង សម្បើម​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន ដែល​គេ​បាន ដឹង​ច្បាស់​អំពី​ទីតាំង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ មហាជន​ក៏បាន ស្នើ​សុំឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ក្រសួង ទេសចរណ៍​កម្ពុជា ចេញ​ចំណាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​កំហុសឆ្គង​នេះ​។ ក្រោយ​ទទួល បាន​ដំណឹង​នេះហើយ មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ បាន​ទាក់ទង​ភ្លាមៗ​កាលពី​យប់ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​បានស្នើ​ឱ្យ​ទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួល​កំហុសឆ្គង​នៅលើ​គេហទំព័រ​របស់ខ្លួន​ជាបន្ទាន់​។​

​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ក្រៅប្រទេស ក្រសួងទេសចរណ៍ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ក្រសួង​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បី​ឱ្យគេ​កែសម្រួល​ព័ត៌មាន​នោះ​ឡើងវិញ​។ ទីភ្នាក់ងារ​នេះ​ក៏បាន សម្ដែង​នូវ​ការ​សូម​អភ័យទោស​ចំពោះ​កម្ពុជា និង​យល់ព្រម​កែសម្រួល​ឡើងវិញ​ផងដែរ ដោយបាន​កែ​ពី​ពាក្យ VIETNAM មក​ដាក់ថា SOUTHEAST ASIA វិញ​។ មូល ហេតុដែល​ទីភ្នាក់ងារ Wendy Wu Tours មិន​ប្ដូរ​មកជា CAMBODIA វិញ​នោះ ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​បង្ហាញថា «​ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា​» ជា​និម្មិត​រូប តំណាងឱ្យ​តំបន់​អាស៊ីអាគ្នេយ៍​នៅលើ​គេហទំព័រ​របស់ខ្លួន ពីព្រោះ​ប្រាសាទអង្គរវត្ត ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ដែល​ពិភពលោក​ស្គាល់​ច្រើនជាងគេ​។​
​ ​
​ទោះបីជា​ទីភ្នាក់ងារ Wendy Wu Tours បាន​កែសម្រួល​នៅលើ​ទំព័រមុខ​នៃ គេហទំព័រ​របស់ខ្លួន​រួចហើយ​ក្ដី ប៉ុន្តែ​នៅមាន​មួយកន្លែង​ទៀត​ដែល​ក្រុមហ៊ុន​មិនទាន់ បាន​កែសម្រួល​អស់ គឺ​នៅពេល​ចូលទៅក្នុង​ផ្ទាំង Brochures គេ​នៅ​ឃើញ មាន​រូប​ប្រាសាទអង្គរវត្ត​ដែល​ដាក់ពាក្យ VIETNAM នៅ​ពីលើ​នៅឡើយ​។ ត្រង់ចំណុច​នេះ ក្រសួងទេសចរណ៍ ក៏​នឹង​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​បន្តទៀត ដើម្បីឱ្យ​កែសម្រួល​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​៕ ដោយ ម៉ៅ ចរិយា​