សម្ដេចតេជោ ហ៊ុន សែន៖ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការ ដាក់ទណ្ឌកម្មចំពោះការប្រឹងប្រែងរបស់ខ្លួន ឱ្យស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានបែ្រក្លាយជា មុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាម ស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅ មាន ការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារ ជាដើម

ក្នុងសន្ទរកថាថ្លែងតាមរយៈប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំជាន់ខ្ពស់រម្លឹកខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិក្រោមមូលបទ «អនាគតដែលយើងទាំអស់គ្នាចង់បាន, សហ ប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគី» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោកបង្ក ឡើង ដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង សង្គមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី២ នៅក្នុងបុព្វក ថា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់ នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមសម្រាប់ ប្រជាជនគ្រប់រូប» គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព ការលើកកម្ពស់ សិទ្ធិ មនុស្ស និងធានានូវវឌ្ឍនភាពសង្គម។

សម្ដេចតេជោបន្តថា ផ្ទុយពីទស្សនវិស័យនេះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិច បំផ្លាញ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។  ជាក់សែ្តង យន្តការពហុភាគី និយមកំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយម ជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។ តាមរយៈការធ្វើ នយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សបម្រើឱ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ប្រទេស អភិវឌ្ឍន៍មួយចំនួន។

សម្ដេចតេជោគូសបញ្ជាក់ថា  ការប្រកួតប្រជែងរវាងមហា អំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការ ជ្រើស រើសយកឯករាជ្យ និងអធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើស រើសដៃគូមិត្តភាព ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ សម្ដេចតេជោបានបន្ថែមថា នេះគឺជា ឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យសម្រេចបាននូវ គោលដៅ របៀបវារៈឆ្នាំ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំងឡាយ ដែលបង្កឡើង ដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ពិតជាទាមទារចង់បាន អង្គការសហប្រជាជាតិដ៏រឹងមាំមួយ ដែលមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយ គ្រប់ បញ្ហាប្រឈម ដែលកើតមាននៅក្នុងតថភាពនៃសតវត្សទី២១។ កម្ពុជាទទួលស្គាល់ តួនាទីស្នូលនៃប្រព័ន្ធពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ ដែលកំពុងជួបប្រទះនាបច្ចុប្បន្ននេះ  ដូចដែលសេចក្ដីប្រកាសបានចែងយ៉ាងច្បាស់ថា «បញ្ហា ប្រឈមរបស់យើងមានភាពប្រទាក់ក្រឡាគ្នា និងអាចដោះស្រាយបានតែតាម រយៈប្រព័ន្ធ ពហុភាគីនិយម ដែលត្រូវតែបានធ្វើឱ្យប្រសើរឡើងវិញ» តាមរយៈការគោរពធម្ម នុញ្ញអង្គការសហប្រជាតិ តម្លាភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចូលរួមជា មួយគ្នាជាធ្លុងមួយ សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេចបាននូវអនាគតមួយ ដែល យើងទាំងអស់គ្នាចង់បាន និងអង្គការសហប្រជាជាតិមួយដែលយើងត្រូវការ៕

ដោយ ជឹម ណារី