ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ណែនាំអាជ្ញាធរខេត្តកំពង់ស្ពឺ ចៀសវាងនូវគំនិតគ្រប់គ្រងនិយម ហើយផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានបញ្ជាក់ថា អាជ្ញាធ រខេត្តត្រូវចៀសវាងនូវគំនិតគ្រប់គ្រងនិយម ត្រូវខិតខំដោះស្រាយបញ្ហានានា និងផ្ដល់សេវា ជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា។

នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដឹកនាំ ដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីឈ្វេង យល់អំពី ការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជា មួយ សមត្ថកិច្ច របស់គណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០   ឯកឧត្តម ម៉ុម ជឹមហ៊ុយ  បានបញ្ជាក់ថា សេដ្ឋកិច្ចជាកត្តាសំខាន់ បើកាលណា សេដ្ឋកិច្ចដួលរលំអ្វីៗក៏ដួលរលំដែរ ដូចនេះត្រូវរួម ចំណែកបំពេញឱ្យបានល្អទាំងការងារ សន្តិសុខ ទាំងការងារសេដ្ឋកិច្ច និងសង្គមប្រជាធិបតេយ្យក្នុងខេត្តបានល្អប្រសើរ។

ឯកឧត្តមបានកោតសរសើរ ដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានដោះ ស្រាយរាល់ជម្នះទាំងឡាយ ឱ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ ទោះបីជាស្ថានភាព ជំងឺកូវីដ-១៩ បានផ្ទុះឡើងរាត្បាតជាសកល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ហើយប្រទេសកម្ពុជាយើងក៏ទទួលឥទ្ធិពលនៃជំងឺកូវីដ-១៩នេះ ព្រមទាំងបានខិតខំដោះ ស្រាយនូវជីវភាពរស់នៅជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានផ្តាំផ្ញើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរ ក្សាសន្តិសុខ សន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកែទម្រង់ ស៊ីជម្រៅលើគ្រប់វិស័យ ជារួមវិស័យអប់រំយុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ វិចិត្រសិល្បៈ ព្រមទាំងវិស័យទេសចរណ៍ និងការកសាងរដ្ឋបាលមួយឱ្យបានស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើប្រទេសជាតិ ដែលកំពុងមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំ ប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់ សេវាជូន ប្រជា ពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើ ឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និង មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាក់ទងនឹងបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគួរ គប្បីបន្តដោះស្រាយជាជំហានៗ ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការ បណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោល នយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា នឹងនាំយកបញ្ហាប្រឈម និងសំណូមពរនានាដែលខេត្តកំពង់ស្ពឺបានលើក ឡើង ដើម្បីសិក្សា និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការដោះស្រាយតាមលទ្ធភាព ដែល អាចធ្វើទៅបាន។

តាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មកដល់ពេលនេះខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ

វិស័យការងារអប់រំ មានសាលាមតេយ្យសិក្សាចំនួន៥២៦ សាលារដ្ឋមានចំនួន២០៩ សាលាឯកជនមានចំនួន៣១ និងសាលាសហគមន៍មានចំនួន២៨៦ សាលាបឋមសិក្សាចំនួន៣៥០ សាលារដ្ឋមានចំនួន៣១៦ និងសាលាឯកជនមានចំនួន៣៦ អនុវិទ្យាល័យចំនួន៧៥ សាលារដ្ឋមានចំនួន៧២ និងសលាឯកជនមាន០៣ វិទ្យាល័យចំនួន២៩ សាលារដ្ឋមានចំនួន២៤ និងសាលាឯកជនមានចំនួន០៥ ឧត្តមសិក្សាចំនួន០៣។ ការងារធម្មការ និងសាសនា មានវត្តព្រះពុទ្ធសាសនាចំនួន២៨៨វត្ត និងអាស្រមចំនួន២៤ ពុទ្ធិកសាសនាចំនួន៧៤សាលា និងពាហិរសាសនាចំនួន១០០ព្រះវិហារ។ ការងារទេសចរណ៍ខេត្តមានតំបន់រមណីដ្ឋានចំនួន១៩កន្លែង ឧស្សាហ៍កម្មទេសចរណ៍ចំនួន៣៣១កន្លែង និងសមាគមទេសចរណ៍ចំនួន៥កន្លែង៕

ដោយ ប៉ាល់សុង