ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រក្នុងមន្ទីរពេទ្យបង្អែកខេត្ត

AKP ព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងការដ្ឋានគម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ​នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុនេះ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ហើយរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកដឹកនាំការសាងសង់អាគារពិសោធន៍វេជ្ជសាស្ត្រ ចំណែកផ្នែកម៉ាស៊ីន ឧបករណ៍ និងបរិក្ខារបំពាក់ក្នុងមន្ទីរពិសិធន៍ផ្សេងៗសម្រាប់ពិនិត្យ វិភាគរោគសញ្ញា គឺទទួលបានការឧបត្ថម្ភពីប្រទេសចិន។

ក្រោយពីការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ នឹងជួយ សម្រួលក្នុងការ ពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងមាន ដូចជាជំងឺកូវីដ-១៩ ជាដើម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ ពួកគេអាចមកទទួលសេវាពិនិត្យ វិភាគជំងឺផ្សេងៗនៅទីនេះតែម្តង ដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានី ភ្នំពេញនាំឱ្យខាតបង់ពេលវេលា៕

ដោយ ងូ សុមុនី