ឯកឧត្តម កែវ រ៉េមី៖ ឱ្យតែបើកឱ្យតេក្វាន់ដូ ITF កម្ពុជាចូលស៊ីហ្គេម យើងមិនធ្វើឱ្យរាជរដ្ឋាភិបាល ខកចិត្តជាដាច់ខាត

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ.ធី.អេហ្វ (ITF) កម្ពុជា មានប្រសាសន៍ថា ក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យតែបើកផ្លូវឱ្យប្រភេទកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតក្នុងស៊ីហ្គេម នោះ យើងមិនធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣  ជាពិសេសគឺមិនធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកចិត្តជាដាច់ខាត។

នេះជាការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម កែវ រ៉េមី នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកម្រិត «ក» កីឡាតេក្វាន់-ដូ IFT កម្ពុជា កាលពីល្ងាចថ្ងៃ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការប្តេជ្ញាបែបនេះ គឺដោយសារឯកឧត្តមបានដាក់ការជឿជាក់ទៅលើចៅក្រម អាជ្ញាកណ្តាល ក៏ដូចជាកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ក្នុងការសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។

ឯកឧត្តម កែវ រ៉េមី ដែលជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ផងនោះ បានក្រើនរម្លឹកដល់សិក្ខាកាម ដែលជាចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF ទាំងអស់ គប្បីត្រូវផ្តល់ភាពយុត្តិធម៌ ក្នុងការកាត់សេចក្តី ផ្តល់ពិន្ទុសម្រាប់ការប្រកួតរបស់កីឡាករ កីឡាការិនី ដោយផ្តល់នូវភាពយុត្តិធម៌ ដែលទទួលយកបាន និងមិនប្រកាន់បក្ខពួក។ ដើម្បីធ្វើឱ្យសម្រេចបាននូវភាពយុត្តិធម៌នេះ សហព័ន្ធបានធ្វើកំណែទម្រង់ផ្ទៃក្នុង ដោយកំពុងជំរុញប្រភេទកីឡាជំនាញមួយនេះឱ្យចូលក្នុងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រ រហូតដល់ក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូល តេក្វាន់ដូ ITF នៅក្នុងការប្រកួតកីឡាជាតិ និងដាក់ឱ្យត្រៀមខ្លួន សម្រាប់ការប្រកួត​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ទៀតផង។ ដើម្បីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត គឺត្រូវពឹងផ្អែកទៅលើការដាក់ពិន្ទុរបស់ចៅក្រម អាជ្ញាកណ្តាល ដើម្បីផ្តល់ភាពយុត្តិធម៌ជូនកីឡាករ កីឡាការិនី ឈ្នះដោយសមត្ថភាពពិតប្រាកដ ក្នុងការប្រកួតនានា។ «ប្រសិនបើឈ្នះក្នុងភាពលម្អៀង ប្រកាន់បក្ខពួក តើការឈ្នះនោះមានប្រយោជន៍អ្វី? មានន័យថា ប្រសិនបើឈ្នះ គឺចេញទៅឱ្យគេស្ញប់ស្ញែង ដើម្បីឱ្យគេទទួលស្គាល់ថា ពិតជាពូកែប្រកបដោយសមត្ថភាពពិតប្រាកដតែម្តង ។ យើងចង់បានការឈ្នះដោយរបៀបនេះ»។

ជាមួយនឹងភាពជឿជាក់នេះ ត្រូវបានឯកឧត្តម បើកចំហររហូតដល់ឱ្យស្ត្រីម៉ាឡេស៊ីម្នាក់ ជាម្ចាស់ខ្សែក្រវាត់ខ្មៅ៧ដាន់ទទួលខុសត្រូវលើចៅក្រម អាជ្ញាកណ្តាល ក្នុងពេលទទួលធ្វើស៊ីហ្គេមឆ្នាំ២០២៣ នោះ ដោយផ្តល់ឱ្យជនជាតិគេ ធ្វើជាប្រធានចៅក្រម អាជ្ញាកណ្តាល ដោយសារតែឯកឧត្តមជឿជាក់លើចៅក្រម អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីកម្ពុជា ដែលត្រូវតែខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីអភិវឌ្ឍន៍ខ្លួនចូលក្នុងកម្រិតតំបន់ ទ្វីប និងស្របតាមស្តង់ដារអន្តរជាតិ។

សូមបញ្ជាក់ថា សិក្ខាកាម ដែលជាចៅក្រម​ អាជ្ញាកណ្តាល ក្នុងវគ្គបណ្តុះបណ្តាលកម្រិត «ក» នេះមានចំនួន៣០នាក់ មកពីរាជធានី-ខេត្តចំនួន១១ ក្រោមការបង្រៀនពីលោក Master រឺ ឆុលណាំ ជាគ្រូអន្តរជាតិកម្រិតខ្សែក្រវាត់ខ្មៅ ៨ដាន់ និងជាប្រធានបច្ចេកទេសកីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី រួមជាមួយលោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ជាគ្រូឧទ្ទេសផងដែរ ៕ ដោយ៖ហេង ណាលីន