សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមោទនភាពក្នុងការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ បើទោះជាប្រឈម នឹងគ្រោះថ្នាក់ដល់អាយុជីវិត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការចូលរួមរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាពពិភពលោកក្រោឆ័ត្រអង្គការសហប្រជាជាតិ បើទោះជាមានការប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយ។

  យោងតាមសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញដ៏រ៉ាំរ៉ៃ  ក្រោយពីទទួលបាននូវការបង្រួបបង្រួមជាតិពិតប្រាកដ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនិងការរីកចម្រើននៅលើគ្រប់វិស័យគួរជាទីមោទនៈ កម្ពុជាមិនភ្លេចមនោសញ្ចេតនារបស់ខ្លួនដែលមានចំពោះប្រជាជាតិរងគ្រោះផ្សេងទៀត នៅក្នុងពិភពលោក តាមរយៈការស្ដែងចេញនូវការខិតខំចែករំលែកបទពិសោធន៍ ក្នុងការកសាង ថែរក្សា ការពារសន្តិភាព និងអភវឌ្ឍប្រទេសជាតិ។

សម្តេចតេជោបន្តថា នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្ដែងសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌លើពិភពលោក។

ក្នុងសារលិខិតបានបន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំទី១៤ ដែលកម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦,៨២២នាក់ (ស្ត្រី ៣៦៩នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប នៅតំបន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន ៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ គិតត្រឹមដំណាច់ខែកក្កដានេះ កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពមានចំនួន ៧៨៧នាក់ (ស្ត្រី៧៦នាក់) នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន៕ដោយ

  ជឹម ណារី