កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ —

ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា ដែលដកស្រង់ព័ត៌មានពីវេបសាយអន្តរជាតិ My International Movers។

ព្រះរាជាណាចក្រកម្ពុជា ត្រូវគេចាត់ទុកជាប្រទេសកំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់ជនបរទេសដែលមករស់នៅទីនេះ។ បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមានអត្តចរិតរួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរ ឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ។

ប្រទេសនូវែលសេឡង់គ្រងតំណែងលេខ២ ជាប្រទេសបដិសណ្ឋារកិច្ចល្អបំផុត ខណៈដែលប្រទេសកាណាដា និងម៉ិចស៊ីកូ ជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤។

ប្រភពដដែលបានបន្តថា ប្រទេសក្នុងតំបន់អាស៊ានពីរទៀត នោះគឺហ្វីលីពីន និងវៀតណាម ដណ្តើមបានចំណាត់ថ្នាក់លេខ៥ និងលេខ៦ ហើយប្រទេសអ៊ីសឡង់ កូស្តារីកា អៀរឡង់ និងព័រទុយហ្គាល់ ក៏មាននៅក្នុងតារាងដែរ ដោយជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ ពីលេខ៧ ដល់លេខ១០។

វេបសាយអន្តរជាតិ My International Movers បានបញ្ជាក់ថា ប្រទេសទាំង១០នេះ ត្រូវបានគេចាត់ទុកជាកន្លែងដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង១០នេះ៕

ដោយ នីកា