កម្ពុជាអាចនាំចេញថ្នាំជក់ ទៅកាន់ប្រទេស៥

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសថា គិតពីដើមឆ្នាំមកត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាអាចនាំចេញថ្នាំជក់ទៅកាន់ប្រទេសចំនួន០៥ ។

ឯកឧត្តម វេង សាខុន បានផ្សព្វផ្សាយនូវរបាយការណ៍មួយ ដោយបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ផលិតផលថ្នាំជក់ដែលកម្ពុជាអាចនាំចេញគឺមានបរិមាណសរុប ៥.៣៧៦តោន ។

ប្រភពដដែលបានបន្តថា ប្រទេសដែលជាគោលដៅនាំចេញ នៃផលិតផលពីដំណាំថ្នាំជក់របស់កម្ពុជាគឺរួមមាន វៀតណាម ក្រិក បែលហ្សិក ឥណ្ឌូនេស៊ី និង ហុងហ្គារី ។

ដំណាំថ្នាំជក់កន្លងមកគឺជាដំណាំកសិឧស្សាហកម្មមួយរបស់ប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះវាជាប្រភេទ ដំណាំដែលអាចនឹងមានការរិតត្បិតដោយសារតែប្រទេសជាច្រើនមានការរិតត្បិតលើការប្រើប្រាស់ថ្នាំជក់ និងបារី ដោយសារតែបញ្ហាសុខភាព ។

ដំណាំនេះត្រូវបានគេដឹងថា អាចមានសក្តានុពលដាំដុះនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ដែលជាដីសំបូរទៅដោយល្បាប់ ៕

ដោយ ហេង បញ្ញា