សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០–

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

នៅលើបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោបានសរសេរថា ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ។ សម្តេចតេជោក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីសូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានគ្រប់គ្នាជាពិសេសគឺសូមការពារខ្លួនជាឆ្ងាយពី Covid-19 ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាស់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប្រចាំ។

សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕ដោយ រិទ្ធី