រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំ ការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០–រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅផ្នែក សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាង ប្រចាំការជាង២ពាន់នាក់នៅតាមគោលដៅសំខាន់ៗ ដូជាតាមទីវត្ត កន្លែងសប្បាយ កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខបញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើត។

 ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះ ដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំប្រជាពលរដ្ឋភាគច្រើន បានចាក់ សោរចោលផ្ទះ ដើម្បីទៅលេងស្រុក កំណើត  ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងក្នុងការប្រចាំការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរ គាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

 ប្រជាជនចេញពីផ្ទះទៅស្រុក អ៊ីចឹងគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមាន ចោរកម្ម  ដូច្នេះអាជ្ញាធរខណ្ឌទំាង១៤ត្រូវពង្រឹងកិច្ចការការពារឱ្យខាងតែបាន ដើម្បីទប់ស្កាត់អំពើចោរកម្មនេះជូន ប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនប្រជាពរដ្ឋ។

  ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កង កម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឱ្យបទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញមានការថយចុះគួរឱ្យកត់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសត្ថកិច្ច ហើយចំណុចខ្លាំងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។

   យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅតាមទីវត្តអារាមទំាងអស់ទូទំាងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគឺបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យ សម្បតិ្តរបស់ពុទ្ធបរិស័ទមកធ្វើបុណ្យ ប្រកបដោយសទ្ធាជ្រះថ្លា។ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមាន លក្ខណៈតឹងរឹង ដោយទប់ស្កាត់ឱ្យបានមិនឱ្យមានការដឹកលើស ចំណុះនិង ដឹកសំពីងសំពោងជាដើម ៕ ដោយ៖ សំរិត