ក្រុម Khmer United និងAvatar ឡើងទៅប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ KW Cambodia Cup 2020

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០–

ក្រុមបាល់ទាត់ Khmer United និងក្រុម Avatar នឹងត្រូវឡើងទៅប្រកួតប្រជែងម្ចាស់ជើងឯកពានរង្វាន់ KW Cambodia Cup រដូវកាល ២០២០ ជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមខ្លាំងៗទាំងពីរនេះបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍មុនថ្មីៗនេះ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Khmer United បានវាយបកឈ្នះក្រុម Riel PP ដោយលទ្ធផល ៤-១ វិញ ក្រោយពី៥នាទីដំបូង ក្រុមប្រជុំដោយកីឡាករបរទេស Riel PP បានបើកការនាំមុខ ១គ្រាប់មុន។ បន្ទាប់មកក្រុម Khmer United បានប្រើប្រាស់បច្ចេកទេសដាក់សម្ពាធរហូតរកបាន៤គ្រាប់វិញ ដោយកីឡាករ Franz Santana និង Oiboh Julius ម្នាក់ ២គ្រាប់ ដើម្បីជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះក្រុម Avatar បានទម្លាក់ក្រុម ISI ដង្កោសែនជ័យ ដោយលទ្ធផល ២-១ ដែល១ប្រកួតនេះបានបញ្ចប់ដោយភាពតានតឹងបំផុត ក្រោយការប្រកួតបានអូសបន្លាយដល់នាទី៨០ ទើបមានគ្រាប់បាល់កើតឡើង ។ ក្នុងនោះ ISI បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន តែសល់ ៥នាទីចុងក្រោយ Avatar ក៏វាយបក ២គ្រាប់វិញ ដើម្បីកក់កៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយ Khmer United ។

សម្រាប់ក្រុមជើងឯក  KW Cambodia League បានរកឃើញរួចហើយ គឺក្រុម TN Kandal ក្រោយឆ្លងកាត់ ១៣ប្រកួតរកបាន ៣៦ពិន្ទុ ឈរកំពូលតារាង ហើយក្រុមខ្លាំងៗទាំង៤នេះ គឺជាបេក្ខភាពក្រុមកំពូលតារាងពីលេខ២ដល់លេខ៤ នៃ KW Cambodia League រដូវកាល ២០២០ ដោយត្រូវប្រកួតដណ្តើមពានរង្វាន់តូច ហៅថា KW Cambodia Cup។

សូមបញ្ជាក់ថា ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានតូចនេះ គ្រោងប្រកួតនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័តនេះ គណៈកម្មការនឹងរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ជារួមតែម្ដង ពិសេសការប្រគល់ពានធំដល់ក្រុមជើងឯក TN Kandal អមនូវប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាម៉េរិក ខណៈក្រុមជើងឯកពានតូច ក៏នឹងទទួលបានប្រាក់រង្វាន់ ៥.០០០ដុល្លារអាម៉េរិក ផងដែរ៕ដោយ ហេង ណាលីន