សហព័ន្ធតេក្វាន់ដូ ITF រៀបចំការប្រកួតពានអន្តរក្លិប

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០–

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានរៀបចំការប្រកួតពានរង្វាន់អន្តរក្លិប ដើម្បីសម្រិតសម្រាំងកីឡាការិនីឆ្នើមៗចេញពីការប្រកួតពានរង្វាន់អន្តរក្លិប ដែលមាន៦ក្លឹបចូលរួម ដើម្បីស្វែងរកកីឡាការិនីឆ្នើមៗ ត្រៀមប្រកួតប្រជែងក្រុមជម្រើសជាតិ។
លោក ប៉ាល់ ជីវ័ន្ត គ្រូបង្វឹកបានបញ្ជាក់ថា ការប្រកួតពានរង្វាន់អន្តរក្លិបនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនកីឡាការិនីថ្មីៗ នៅតាមបណ្តាក្លឹបទទួលបានបទពិសោធន៍ តាមរយៈការប្រកួតជាមួយអ្នកខ្លាំងៗ ដែលភាគច្រើនជាកីឡាការិនីជាប់ជម្រើសជាតិកាលពីឆ្នាំកន្លងទៅ។ ក្រៅពីការចែករំលែកបទពិសោធន៍ និងបច្ចេកទេស ការប្រកួតនេះចម្រាញ់រកកីឡាការិនីឆ្នើមៗចេញពីក្លិបទាំង៦ ត្រៀមចូលរួមប្រជែងដណ្តើមយកកៅអីជម្រើសជាតិ ក្នុងឆ្នាំ២០២០។
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក នៅតាមបណ្តាក្លិបឱ្យមានការអភិវឌ្ឍសមត្ថភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងពោរពេញដោយក្រមសីលធម៌ និងជាកីឡាការិនីគំរូ។
ឯកឧត្តមប្រធានសហព័ន្ធបានបញ្ជាក់ទៀតថា សម្រាប់ពានរង្វាន់អន្តរក្លិប ដែលសហព័ន្ធរៀបចំនេះ វាជាឱកាសសម្រាប់កីឡាការិនីបានដុសខាត់សមត្ថភាព និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាការិនីដ៏មានសក្តានុពល។
ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់កីឡាការិនីមកពីក្លិបតាមបណ្តាខេត្តនានា ដែលខិតខំបង្កើនគុណភាព សមត្ថភាពខ្លាំងៗប្រហាក់ប្រហែលគ្នាទៅនឹងកីឡាការិនីជម្រើសជាតិ ឆ្នាំមុនៗដែរ។ ឯកឧត្តមជំរុញឱ្យពួកគេបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលសហព័ន្ធក៏បានផ្តល់ឱកាសចំពោះអ្នកដែលមានសមត្ថភាព ក្លាយជាក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ ត្រៀមប្រជែងដណ្តើមមេដាយពីការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ដោយ ហេង ណាលីន