ឯកឧត្តម គាត ឈន់ កាន់បិណ្ឌវេនទី១២ នៅវត្តបទុមវតី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០–

ក្នុងឱកាសដែលប្រជាពុទ្ធសាសនិកជនខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងរីករាយចូលរួមប្រកបដោយសទ្ធាជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌ ជាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅតាមទីអារាមនានាទូទាំងប្រទេសនោះ ដោយឡែក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកជំទាវព្រមទាំងបុត្រា បុត្រី និងចៅៗ រួមនិងពុទ្ធបរិស័ទជាច្រើនទៀត បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ១២ រោច ខែភទ្របទ ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសអញ្ជើញដល់វត្តបទុមវតី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងលោកជំទាវ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និលោកជំទាវព្រមទាំងបុត្រា បុត្រី និងចៅៗ រួមនិងពុទ្ធបរិស័ទជាច្រើនទៀត អញ្ជើញថ្វាយបង្គំព្រះពុទ្ធរូប និងថ្វាយបង្គំព្រះសង្ឃ ព្រមទាំងសមាទានសីលជាកិច្ចរម្លឹកនឹកគុណបុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង។

ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរព ប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយអ្វីដែលសំខាន់នោះគឺមុនយាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគត គឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។ ពុទ្ធឱវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ទុកសំរាប់អនាគតជាតិ។

ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជនមាន មាតាបិតាទាំងរូបលោកនៅមានអាយុសង្ខារក្តីឬមរណៈកាលទៅហើយក្តី។ យ៉ាងណាមិញបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញ អំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណរបស់បុព្វការីជនដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យដើម្បីឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណគ្រប់រូប បានទៅកាន់ឋានបរមសុខកុំបីអាក់ខានឡើយ។

ម្យ៉ាងវិញទៀត តាមរយៈការមានជំនឿ ចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលជាច្រើនបម្រើឱ្យការរីកចំរើននិងគង់វង្សនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

លំដាប់អំពីបទនមស្សកាសមាទានសីលចប់សព្វគ្រប់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗរួមនិងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាត្រដើម្បីព្រះសង្ឃស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១២នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននិងលោកជំទាវ មានសទ្ធាជ្រះថ្លា បរិច្ចាគ ទេយ្យទានសម្រាប់ឧបត្ថម្ភព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទាំង១៥ថ្ងៃនេះ ដោយក្នុងនោះ បានថ្វាយបច្ច័យ ដល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាចំនួន២លានរៀល ប្រគេនបច្ច័យគ្រូសូត្រឆ្វេងចំនួន២០០ដុល្លារ ប្រគេនបច្ច័យគ្រូសូត្រស្តាំចំនួន២០០ដុល្លារ ប្រគេនបច្ច័យព្រះសង្ឃ ៤៧២អង្គ ក្នុង១អង្គៗ២ម៉ឺនរៀល ឧបត្ថម្ភនិស្សិត៥៥០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ឧបត្ថម្ភបម្រើការងារក្នុងពិធីបុណ្យចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល លោកអាចារ្យចំនួន១១នាក់ ក្នុងនោះលោកអាចារ្យធំចំនួន៨ម៉ឺនរៀល លោកអាចារ្យចំនួន១០នាក់ផ្សេងៗទៀត ក្នុងម្នាក់ៗថវិកា៤ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់លោក យាយមប្រើការនៅក្នុងវត្ត ចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល។ដោយឡែក ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននិងលោកជំទាវ បានអញ្ជើញប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន៤ម៉ឺន៥រយដុល្លារ៕

 

ដោយ គង់ សិរីរ័ត្ន