រដ្ឋបាលខេត្តព្រះសីហនុ  បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០

នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការគ្រឿងញៀនខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើក ទិសដៅការងារឆមាសទី២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿង ញៀនខេត្ត ដោយមានការអញ្ជើញចូលរួមអាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ។

តាមរបាយការណ៍លទ្ធផល ៦ខែ ដើមឆ្នាំ២០២០ បង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់បានចំនួន ១១២ករណី  ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥៦នាក់ ស្រី ២០នាក់ ក្នុងនោះជនបរទេសចំនួន២០នាក់ ជនជាតិចិន១៨នាក់ ស្រី៥នាក់  និងជនជាតិឥណ្ឌូណេស៊ី ២នាក់។  ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ៦ខែដើម ឆ្នាំ២០២០ ស្នងការនគរបាលខេត្តបង្ក្រាបបានចំនួន ៩៧ករណី និងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបាន ចំនួន ១៥ករណី។ វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនមេហ្វេតាមីន ទឹកកក ICE ៥១៥កញ្ចប់ មានទម្ងន់ ១,៤៦៥.៥៤ក្រាម  មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០២ គ្រាប់ ទម្ងន់ ២០៤.៧៥ក្រាម ថ្នាំញៀននីមេតាហ៊្សេប៉ាម (NEMETAZWPAM) ទម្ងន់  ១៧២.៦៦ក្រាម ថ្នាំញៀនកេតាមីន (KETAMINE ) ទម្ងន់ ៣៤.៧២ក្រាម រុក្ខជាតិកញ្ឆាក្រៀម ០២កញ្ចប់ ទម្ងន់ ១១.៦៩ក្រាម និងរុក្ខជាតិញៀន(កញ្ឆាមូបារី) ចំនួន៤ដើម ទម្ងន់សុទ្ធ ១.៤៩ក្រាម ថ្នាំញៀនអ៊ិចស្តាស៊ី (Mdama) ទម្ងន់ ១១.៣២ក្រាម ថ្នាំញៀនអ៊ិចស្តាស៊ីគ្រាប់ (MDMA) ៤គ្រាប់ ទម្ងន់ ១.៣១ក្រាម ថ្នាំញៀន MDMA ពណ៌ត្នោត ០,៦៣ក្រាម ថ្នាំញៀន MDMA ពណ៌បៃតង ទម្ងន់ ៨,៣៩ក្រាម ថ្នាំញៀន MDMA ពណ៌ផ្កាឈូក ទម្ងន់ ១៦.១៧ក្រាម ថ្នាំញៀន MDMA ពណ៌បៃតងលាយត្នោត ទម្ងន់ ៦.៤៣ក្រាម ថ្នាំញៀន MDMA ពណ៌ប្រផេះ ទម្ងន់ ៥.៦២ក្រាម ថ្នាំញៀន MDMA ពណ៌ស្លាទុំ ទម្ងន់ ១៨.៧៦ក្រាម ថ្នាំញៀន MDMA ប្រភេទដបចំនួន ៧ដប ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន ៤៤កញ្ចប់ ទម្ងន់ ៤២២.១៨ក្រាម កេតាមីនម្សៅប្រភេទ (K) ១កញ្ចប់ ទម្ងន់ ១៣.៣៣ក្រាម និងសម្ភារៈមួយចំនួនទៀត។  ក្នុងនោះអ្នកញៀនគ្រឿងញៀន ដែលបានទទួលការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿង ញៀនមានចំនួន ៣០នាក់ នៅមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ បច្ចុប្បន្ននៅសល់ ១០នាក់ទៀត ក្នុងមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេ ខាធិការដ្ឋានត្រួត ពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ អាជ្ញាធរ និងគណៈកម្មការ គ្រឿងញៀនខេត្តបានធ្វើការអប់រំផ្សព្វផ្សាយ និងដាក់ចេញនូវវិធានការមួយចំនួនដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីលើកទិសដៅអាទិភាពសម្រាប់ អនុវត្តន៍យុទ្ធនាការបរយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មន្ត្រីអនុវត្តន៍ច្បាប់គ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប និងផ្សព្វផ្សាយ អប់រំផលប៉ះពាល់នៃគ្រោះថ្នាក់ដោយសារគ្រឿង ញៀនខុសច្បាប់យ៉ាងសកម្ម។ ទោះបីពួក ឈ្មួញជួយដូរនៅតែមានល្បិចកល់ធ្វើសកម្មភាពលួចលាក់ ចែកចាយប្រើប្រាស់នៅតាមភូមិ សាស្ត្រខេត្តព្រះសីហនុ ប៉ុន្តែសមត្ថ កិច្ចរបស់យើងបានឆ្មក់ចាប់បានជាបន្តបន្ទាប់ និងបញ្ជូន ទៅស្ថាប័នចាត់វិធានការតាមនីតិវិធីច្បាប់ ស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥។ ការងារអាទិភាពដែលយើងត្រូវតែអនុវត្ត ដើម្បី ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុខ មាលភាពរបស់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេ ខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ស្តីពីលទ្ធផល ការងារគ្រឿងញៀន ៦ខែ ដើមឆ្នាំ២០២០ នៅខេត្តព្រះសីហនុថា វិធានការប្រយុទ្ធ ប្រឆាំងគ្រឿង ញៀនលើកទី៥ របស់រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលល្អប្រសើរ ប៉ុន្តែយើងបន្តអនុវត្តវិធានការច្បាប់ក្នុងការកែទម្រង់បង្ការ ទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៣រួមមាន៖ ទី១. វិធានការអនុវត្តច្បាប់ ទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿង ញៀនគ្រប់ប្រភេទ, ទី២. ផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿង ញៀនឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន មន្ទីរ អង្គភាព ស្ថាប័ននានា និងទី៣ .ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសំដៅធ្វើការផ្លាស់ប្ដូរព័ត៌មាន ករណីគ្រឿងញៀនជាមួយស្ថាប័នពាក់ព័ន្ធនានា៕ ដោយ ងូ សុមុនី