ក្រសួងសុខាភិបាល កំពុងបន្តតាមដានករណីសង្ស័យជំងឺគ្រុនផ្តាសាយធំជាចង្កោម នៅវត្តស្វាយដង្គុំ ខេត្តបាត់ដំបង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះថា មានករណីសង្ស័យជំងឺគ្រុនផ្តាសាយធំជាចង្កោមដែលបានកើតលើព្រះសង្ឃចំនួន ៤៦អង្គ នៅវត្តស្វាយដង្គុំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ “ក្រសួងសុខាភិបាល បានទទួលរបាយការណ៍កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ថា មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្តាសាយធំ បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន ៤៦អង្គ ដែលគង់នៅវត្តស្វាយដង្គុំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហើយព្រះសង្ឃទាំងនោះមានព្រះអាការ:រោគដូចជា ក្តៅខ្លួនលើសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។ ហេតុការណ៌នេះបានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ ដោយឡែកមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយបន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យនៅខេត្តបាត់ដំបង”។ 

សូមបញ្ជាក់ថា ក្រុមការងារនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឃដែលពុំទាន់បានជាសះស្បើយចំនួន ២១អង្គ បញ្ជូនទៅធ្វើការវិភាគរកមេរោគកូវីដ១៩រួចហើយ នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយរងចាំលទ្ធផលតែប៉ុណ្ណោះ។ ក្នុងនោះផងដែរ មន្ទីរសុខាភិបាលខេត្តបាត់ដំបងក៏បានធ្វើការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណៈគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះរួចហើយដែរ។ 

បច្ចុប្បន្ននេះ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរជាបណ្តើរៗហើយៗតាមរយៈការត្រួតពិនិត្យ និងវាយតម្លៃអំពីអាការៈ ការសន្និដ្ឋានជាបឋមពីក្រុមគ្រូពេទ្យ គឺជាជំងឺគ្រុនផ្តាសាយធំ។ 

ឆ្លៀតឱកាសនេះ លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវជាថ្មី បន្ទាប់ពីសង្កេតឃើញការខ្វះចន្លោះដោយអន្លើរ នូវការអនុវត្តវិធានអនាម័យ ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ គណៈកម្មាធិការអាចារវត្ត នៅទូទាំងប្រទេស ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការពារសាមញ្ញៗដូចជា៖

ទី១  រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃ ដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឬពិសាទឹកក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ។ ទី២ ពាក់ម៉ាស  ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាសជាចាំបាច់  នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌ទេសនា។ ទី៣ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល យ៉ាងតិចចម្ងាយពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត មួយម៉ែត្រកន្លះឡើងទៅ។ ទី៤ ទាំងព្រះសង្ឃ ឬបុគ្គលដែលឈឺ ជាពិសេសអ្នកដែលមានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងទី៥ ប្រុងប្រយ័ត្នខ្ពស់ពីការពុលចំណីអាហារ ការពុលស្រាស ដែលប្រើប្រាស់សារធាតុមេតាណុលពុំត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងការសេពគ្រឿងញៀន។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃនេះ បានឱ្យដឹងផងដែរថា ពុំមានករណីវិជ្ជមានថ្មីនោះទេ ដែលធ្វើឱ្យករណីសរុបទូទាំងប្រទេសមានចំនួន ២៧៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៧៤នាក់ និងកំពុងសម្រាកព្យាបាល ០១នាក់៕

ដោយ ផែន រតនៈ