មន្រ្តីអាជ្ញាធរជាតិអប្សរាចង់ឱ្យសាធារណៈជនចូលរួមដាំកូនឈើនៅក្នុងតំបន់អង្គរឱ្យបានច្រើន ដើម្បីបរិស្ថាន និងបេតិកភណ្ឌ

AKP ខេត្តសៀមរាប ថ្ងៃទី១៣  ខែកញ្ញា  ឆ្នាំ២០២០-

កូនឈើប្រណិតចម្រុះចំនួន១៥០០ដើមត្រូវបានអាជ្ញាធរខេត្តសៀមរាបរួមជាមួយអាជ្ញាធរជាតិអប្សរា ក្រុមមេធាវីរដ្ឋាភិបាល និងធនាគារស៊ីអាយអិមប៊ី(CIMB) យកទៅដាំនៅបរិវេណជិតប្រាសាទបន្ទាយក្តី នៃរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នេះ។ដើម្បីជាការស្តារព្រៃឈើឡើងវិញ ក៏ដូចជាការលើកស្ទួយសោភ័ណភាពតំបន់រមណីយដ្ឋានអង្គរឱ្យមានទេសភាពបៃតងផងដែរ។

      លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានលើកឡើងថា ក្នុងដើមរដូវវស្សានេះ អជ្ញាធរជាតិអប្សរា បានសហការជាមួយព្រះសង្ឃ មន្ត្រីតាមស្ថាប័ន សហគ្រាសឯកជន រួមទាំងប្រជាពលរដ្ឋផងដែរនោះ បានដាំកូនឈើក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បានជិត២ម៉ឺនដើមហើយ។ លោកបានបញ្ជាក់ថា ដើមឈើជាជម្រករបស់មនុស្សនិងសត្វ និងមានតួនាទីសំខាន់ក្នុងការការពារថែរក្សាប្រាសាទបុរាណ ថ្វីត្បិតដើមឈើមិនមានវិញ្ញាណ តែមានជីវិតដូចមនុស្សអ៊ីចឹងដែរ។ ដូច្នេះយើងត្រូវរួមគ្នាដាំឡើងវិញនិងទប់ស្កាត់ការកាប់បំផ្លាញ។

លោក ឡុង កុសល បានបង្ហាញពីការសហការរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរដើម្បីបរិស្ថាននិងបេតិកភណ្ឌ។ អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមរបស់ធនាគារCIMBនាពេលនេះក៏ដូចជាស្ថាប័នឯកជនផ្សេងៗទៀតនិងសាធារណៈជនដែលមានបំណងចង់ចូលរួមដាំកូនឈើនៅក្នុងតំបន់អង្គរ ព្រោះអាជ្ញាធរជាតិអប្សរាតែងតែបានបង្ហាញនូវជំហរចង់ឱ្យមានការចូលរួមចំណែកជាសាធារណពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិតចូលរួមធ្វើនិងចូលរួមទទួលខុសត្រូវ។ចំណុចទាំងនេះនឹងបង្កើនឱ្យមានការយល់ដឹង ស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាដ៏មានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់ៗរូប។

លោក ប៊ុន យីន នាយកប្រតិបត្តិនៃធនាគារCIMBបានលើកឡើងថា ដោយបានឃើញពីសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់គម្របព្រៃឈើដើម្បីបរិស្ថាន និងការអភិរក្សប្រាង្គប្រាសាទ ធនាគារ CIMB ក៏បានសម្រេចចូលរួមជាមួយអាជ្ញាធរជាតិអប្សរាអាជ្ញាធរខេត្តក្នុងការដាំដើមឈើដើម្បីទុកជាម្លប់ជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងបញ្ជាក់ថា ដើមឈើពិតជាមានសារៈសំខាន់សម្រាប់មនុស្សសត្វនិងប្រាសាទបុរាណ ដូច្នេះការចូលរួមដាំកូនឈើនៅក្នុងតំបន់អង្គរនេះ គឺជាសកម្មភាពដ៏ល្អ។ ក្នុងនាមអាជ្ញាធរ លោកបានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ និងជំនួញដីព្រៃ សូមបញ្ឈប់ជាបន្ទាន់។ ពីព្រោះថា អាជីវកម្មព្រៃឈើ ជំនួញដីព្រៃខុសច្បាប់ គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ដែលមិនអាចលើកលែង៕

ឃុត សៅ