អ្នកនាំពាក្យក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់

 

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ —

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ឈានចូលបិណ្ឌទី១១ ហើយដែលពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ ខណៈកម្ពុជាបានរកឃើញករណីវិជ្ជមានថ្មីម្នាក់ ទៅលើបុរសជនជាតិអង់គ្លេស កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកជំទាវវេជ្ជបណ្ឌិត បានប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ “ក្រោមការចង្អុលបង្ហាញ និងចក្ខុវិស័យប្រកបដោយគតិបណ្ឌិត របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងអនុវត្តរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដោយមានពេលខ្លះពួកយើងធ្វើការដោយស្ទើរតែគ្មានពេលសម្រាក ព្រមទាំងការចូលរូមរបស់បងប្អូនប្រជាពលរដ្ឋ ទើបសម្រេចបានលទ្ធផលដូចថ្ងៃនេះ ហើយទាំងនេះក៏ដើម្បីសុខភាពប្រជាពលរដ្ឋយើង។ ហើយខ្ញុំក៏សុំឆ្លៀតឱកាសនេះអំពាវនាវជាថ្មី សូមបងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ ទាំងអ្នកដែលដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមទីវត្តអារាមនានា”។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងក្រុមការងាររបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចៀសផុតពីការចម្លងវីរុសកូវីដ១៩ ដ៏កាចសាហាវនេះ និងសប្បាយរីករាយក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។

គួររម្លឹកថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ទៅលើបុរសជាជនជាតិអង់គ្លេសម្នាក់ ដែលមានអាសយដ្ឋានស្នាក់នៅ ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ដែលជាអ្នកដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ និងកូរ៉េខាងត្បូង មុនពេលមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ហើយនៅថ្ងៃទី១២ ខែកញ្ញា លទ្ធផលវិភាគពីវិទ្យាសា្ថនជាតិប៉ាស្ទ័រ បានបង្ហាញថាបុរសរូបនេះ វិជ្ជមានវីរុសកូវីដ១៩។ បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈអ្នករួមដំណើរតាមជើងយន្តហោះទាំង៧៣នាក់ (អវិជ្ជមាន) ត្រូវបានអនុវត្តវិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមទីតាំងមួយចំនួនរួចហើយដែរ៕

ដោយ ផែន រតនៈ