សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តត្រពាំងព្រីង ខេត្តត្បូងឃ្មុំ

 

AKP ត្បូងឃ្មុំ ថ្ងៃទី១២  ខែកញ្ញា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី១០ ប្រកបដោយសទ្ធាជ្រះថ្លា និងស្និទ្ធស្នាលជាទីបំផុត។ 

 ពិធីកាន់បិណ្ឌទី១០ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានប្រារព្ធរៀបចំទៅតាមពិធីទំនៀបទម្លាប់ព្រះពុទ្ធសាសនា។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ក្រោយពីពិធីសាសនាបានបញ្ចប់ ប្រជាពលរដ្ឋចំណុះជើងវត្តត្រពាំងព្រីង បាននាំយកនំអន្សម នំបត់ នំគម និងកសិផលជាច្រើន ដែលទើបប្រមូលផល ជួនសម្តេចអគ្គមហាពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា ជាការ គោរព ដឹងគុណ ចំពោះសម្តេចទាំងទ្វេ ដែលបានចូលរួមចំណែករំដោះប្រទេសជាតិ សង្រ្គោះជីវិតពលរដ្ឋចេញពីក្តីស្លាប់ ក្នុងរបបប៉ុលពត ហើយបានបន្តលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី នៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិរហូតមក ដោយមិនខ្លាចនឿយហត់។

បន្ទាប់មក សម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញទៅពិនិត្យមើលការសាងសង់ឧបដ្ឋានសាលានៅវត្តមង្គលវ័នហៅវត្តស្ទឹងតូច នៅភូមិស្ទឹងតូូចស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ផងដែរ៕ ដោយ៖ ប៉ាល់សុង