AUF រៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី ដែលមានសមភាពល្អឥតខ្ចោះ

AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០

ចាប់តាំងពីការបង្កើតនាឆ្នាំ១៩៦១ នេះគឺជាលើកទី១ហើយដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលកម្ពុជាជាសមាជិកដែរនោះ ឈានមកដល់សមភាពល្អឥតខ្ចោះក្នុងការបែងចែកតួនាទីថ្នាក់ដឹកនាំរបស់ខ្លួន ទាំងនៅទីស្នាក់ការកណ្តាល ទាំងនៅតាមតំបន់នានា។

ក្រុមថ្នាក់ដឹកនាំដែលរៀបចំថ្មីនេះមានសមត្ថភាពអន្តរជាតិកម្រិតខ្ពស់ដែលនឹងផ្តល់អាទិភាពដល់ការជំរុញឡាហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនៅលើពិភពលោក និងការរៀបចំយុទ្ធសាស្ត្រ AUF ២០២១-២០២៥ ថ្មី។​យុទ្ធសាស្ត្រនេះផ្តោតជាសំខាន់លើលទ្ធផល នៃការពិគ្រោះយោបល់ពិភពលោករបស់ AUF ដែលបានធ្វើឡើងនាខែកក្កដាកន្លងទៅថ្មីៗនេះជាមួយនឹងគ្រឹះស្ថានចំនួន .០០៧ ដែលជាសមាជិករបស់ខ្លួននៅក្នុង១១៩ប្រទេសជុំវិញពិភលោក។

នេះគឺជាការធ្វើអង្កេតជាលក្ខណៈអន្តរជាតិ ដែលមិនធ្លាប់មាន និងក្នុងទ្រង់ទ្រាយធំស្តីអំពីតម្រូវការទាំងឡាយដែលសម្តែងចេញពីភាគីពាក់ព័ន្ធផ្សេងៗមានដូចជាគ្រឹះស្ថានសមាជិក ថ្នាក់ដឹកនាំ និស្សិត និងដៃគូស្ថាប័ន ស្ថាប័ននយោបាយ និងដៃគូសេដ្ឋកិច្ច។

ការផ្លាស់ប្តូរជាគំរូនេះ ត្រូវបានគាំទ្រដោយក្រុមការងារដែលធានានូវសមភាព។ ជាឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តដែលបានបង្ហាញដំបូងដោយ AUF ដោយយោងទៅលើស្ថាប័នអភិបាលកិច្ច ដែលបានអំពាវនាវជាយូរមកហើយអំពីភាពស្មើភាពគ្នា ហើយដែលបានអនុម័តនៅឆ្នាំ២០១៨នូវគោលនយោបាយ « សមភាពយេនឌ័រ » ដែលសម្រេចបានជាក់ស្តែងនៅថ្ងៃនេះ (១០ កញ្ញា) ដោយសាកលវិទ្យាធិការ លោក Slim Khalbousនាកាសប្រកាសចូលកាន់តំណែងរបស់នាយិកា និងនាយកប្រចាំតំបន់នានា ៖ « ខ្ញុំមានមោទនភាពជាពិសេស ដែលយើងអាចឈានមកដល់សមភាពល្អឥតខ្ចោះរវាង ស្ត្រី-បុរស ក្នុងតួនាទីខុសៗគ្នា នៃថ្នាក់ដឹកនាំនាថ្នាក់កណ្តាល ក៏ដូចជាថ្នាក់តំបន់ ជាសក្ខីភាពបង្ហាញនូវការវិវត្តផ្នែកសង្គមរូមចំណែកជានិច្ចកាលក្នុងឆន្ទៈនយោបាយ »

នាយកចំនួន ៥រូប និងនាយិកា ៥រូប ទទួលបន្ទុកបច្ចុប្បន្នគ្រប់គ្រងទីស្នាក់ការតំបន់ទាំង១០ របស់ AUF នៅលើពិភពលោកទាំងមូល។ក្នុងចំណោមថ្នាក់ដឹកនាំទាំងនេះ លោក Jean-Marc Lavest បានចាប់ផ្តើមអាណត្តិការងារជានាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០។

លោក Jean-MarcLavest បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកទស្សនវិស័យសប្បនិមិត្ត នៃសាកលវិទ្យាល័យ Blaise Pascal – Clermont-Ferrand, ជាសាស្ត្រាចារ្យសាកលវិទ្យាល័យជាច្រើន មានសមត្ថភាពគ្រប់គ្រងការស្រាវជ្រាវ។ ក្នុងជីវិតការងារ លោក Jean-MarcLavest ធ្លាប់ធ្វើការជាអ្នកទទួលខុសត្រូវជាច្រើនជាបន្តបន្ទាប់៖ អនុប្រធានសាកលវិទ្យាល័យ Auvergne នាយកវិទ្យាស្ថានបច្ចេកវិទ្យា Auvergne នាយកវិទ្យាស្ថានបារាំងនៃមេកានិច្ចឈានមុខ (Institut français de mécanique avancée) ហើយលោកក៏ធ្លាប់ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបារាំង ប្រចាំនៅប្រទេសអាម៉េនី Arménie​ ផងដែរ។

សូមបញ្ជាក់ថា AUF ជាបណ្តាញសាកលវិទ្យាល័យពិភពលោក ដែលមានគ្រឹះស្ថានជាសមាជិកចំនួន ៩៩០ នៅក្នុងប្រទេសចំនួន ១១៨ និងមានសាខាចំនួន ៥៩ នៅលើទ្វីបទាំង៥។ នៅកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាចំនួន ១០ ជាសមាជិករបស់ AUF ក្នុងនោះមាន រាជបណ្ឌិត្យសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិអប់រំ សកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យវិចិត្រសិល្បៈ៕

ដោយ នីកា