ក្រុមហ៊ុន អេសស៊ីជី បរិច្ចាគ​សម្ភារសម្រាប់សាងសង់សំណង់ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

AKP ​កំពង់ស្ពឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

ក្រុមហ៊ុន​ អេសស៊ីជី បាន​ផ្ដល់​​សម្ភារ​សម្រាប់សាងសង់​សំណង់ជូនដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដែលជាផ្នែកមួយ​នៃ​កម្មវិធី​ទំនួលខុសត្រូវ​សង្គម​របស់ក្រុមហ៊ុន ក្នុងការ​ចូល​រួម​ជួយទ្រទ្រង់ដល់​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅកម្ពុជា ។

លោក ចៃផេត ចាន់តារាវង្ស តំណាង​នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំនៅកម្ពុជា បាន​បញ្ជាក់ថា ការ​បរិច្ចាគ​សម្ភារ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីរបស់​ អេសស៊ីជី សម្រាប់​ទ្រទ្រង់ដល់​ការអភិវឌ្ឍធនធាន​មនុស្ស​នៅ​កម្ពុជា។ ​លោកបានបន្ដថា ​ជារៀងរាល់ឆ្នាំ អេសស៊ីជី បានផ្ដល់​អាហាររូបករណ៍​ជាច្រើន​រយកន្លែង ដល់​សិស្ស​វិទ្យាល័យ​ និង​និស្សិត​នៅក្នុងប្រទេស​កម្ពុជា

លោក ចៃផេត ចាន់តារាវង្ស បានថ្លែងថា ក្រៅពីធ្វើ​មុខ​ជំនួញរកស៊ី អេសស៊ីជី​ ក៏ផ្ដល់​ទៅ​ឱ្យវិញដល់​សហគមន៍​មូលដ្ឋាន​ផងដែរ តាមរយៈ​កម្មវិធី​ទំនួលខុសត្រូវសង្គមជាច្រើនរបស់​យើង

លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ជំនួយ​ការទូត​ទាហាន​ជើងគោកថៃ និង​​​ជា​តំណាង​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺបាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេសស៊ីជី សម្រាប់​ការបរិច្ចាគនូវសម្ភារទាំង​នេះ។ លោកវរសេនីយ៍ត្រីបានគូសបញ្ជាក់ថា យើង​នឹង​ប្រើប្រាស់​សម្ភារ​សំណង់​ទាំងនេះ​សម្រាប់​យកទៅ​សាងសង់​ទីកន្លែង​នានា ដើម្បី​ជាប្រយោជន៍​នៅ​ក្នុង​វិទ្យាស្ថាន​នេះ

គួរ​បញ្ជាក់ផងដែរថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ គឺជា​ព្រះ​អំណោយ​របស់​ព្រះអង្គម្ចាស់ក្សត្រីយ៍​មហាចក្រីសិរិនថន នៃ​ព្រះរាជាណាចក្រ​ថៃ ជូនដល់​ប្រទេស​កម្ពុជា។ វិទ្យាស្ថាន​នេះ​ស្ថិត​ក្រោម​​ការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន​និងកីឡា ដែលមានទីតាំង​នៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី តាមរយៈ​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា បាន​ផ្ដល់​អាហារូបករណ៍សរុបច្រើនជាង,៣០០នាក់ ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ និងសិស្ស​ថ្នាក់​មហា​វិទ្យាល័យ​ មកពី​ផ្នែកផ្សេងៗគ្នា​នៃ​ប្រទេស​កម្ពុជា ។ អាហារូបករណ៍ទាំងនេះ បាន​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​និស្សិត​​កម្ពុជា​សម្រេច​ក្ដីសុបិន​នៃ​ការអប់រំ​សម្រាប់​អនាគត​របស់​ពួកគេ។ ក្រៅពី​ការជួយគាំទ្រ​ដល់​ផ្នែកអប់រំ​នៅ​កម្ពុជា កន្លងមក ក្រុមហ៊ុន អេសស៊ីជី ក៏បាន​ជួយ​គាំទ្រ​ដល់​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា​ផងដែរ ជាពិសេស ក្នុងអំឡុងពេល​វិបត្តិជំងឺរាតត្បាតជំងឺ​កូវីដ១៩។ កាលពីខែ​មេសា ឆ្នាំ២០២០ កន្លងមក ក្រុមហ៊ុន អេសស៊ីជី បាន​ប្រគល់​ប្រអប់របាំង​សុវត្ថិភាពវេជ្ជសាស្ត្រ​ចំនួន ៥០ប្រអប់ ដល់​ក្រសួង​សុខាភិបាល ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹម​នឹង​នេះដែរ ក្រុមហ៊ុន​បានចែក​ជូន​ម៉ាស និង​ទឹក​អាល់កុល​លាង​សម្អាតដៃ ដល់​អតិថិជន​របស់​ខ្លួន​ នគរបាលជាតិ អ្នក​រត់ម៉ូតូឌុប​ និងកង់បី ដោយ​រួម​ចំណែក​ដល់​ការងារ​បង្ការ​ការ​ឆ្លងវីរុសកូវីដ១៩

សម្រាប់អំណោយរបស់ក្រុមហ៊ុន អេសស៊ីជី ​ដែលបានផ្ដល់ជូនដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ រួមមាន ស៊ីម៉ងតិ៍​ខេស៊ីមិន ក្បឿង​អេសស៊ីជី ទុយោអេសស៊ីជី និង​សម្ភារ​បន្ទប់ទឹកកូតូ ​ជាច្រើនទៀតដែលនឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ ​​ឬ​ជួសជុល​​ទៅលើផ្នែកនានា នៅក្នុងបរិវេណ​អគារ​វិទ្យាស្ថានដោយ រិទ្ធី