ឯកឧត្តម អ៊ុន ចាន់ដា  អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី ឃុំត្រប់ ស្រុកបាធាយត ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន  ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវរួមជាមួយសមាជិក​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរបស់សាលាខេត្តទាំងអស់ បានអញ្ជើញ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩  ដោយនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តនិរោធរង្សី (ហៅវត្តនិរោធ) ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម រួមជាមួយពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តនិរោធរង្សី។

ក្នុងឱកាស​នៃការចូលរួមកាន់បិណ្ឌទី៩ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និង​លោកជំទាវ ព្រមទាំងមន្ត្រីរាជការទាំងអស់​អញ្ជើញ ​អុជ​ទៀន ធូប បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញា​តិការ​ទាំង ៧​សណ្ដាន ដែល​បាន​ចែក​ឋាន​ទៅ សូម​បាន​សោយសុខ​ទៅកាន់​ឋាន​សុគតិភព និងសូមបួង សួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវឱ្យ ពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សា អនាម័យឱ្យបានល្អរួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សា ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ ការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារ ជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាលខេត្ត សូមឱ្យឪពុកម្ដាយណែនាំដល់កូនចៅ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕

ដោយ ឆាយ ម៉ុត