ខេត្តក្រចេះ បើកកិច្ចប្រជុំស្តីពីការតាមដានការងារជំរុញភូមិ១ ផលិតផល១

AKP ក្រចេះ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

ខេត្តក្រចេះ បានបើកកិច្ចប្រជុំស្ដីពីការតាមដានការងារជំរុញភូមិ១ ផលិតផល១ កាលពី ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០   ក្រោមអធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃអគ្គលេខាធិការ ដ្ឋានភូមិ១ ផលិតផល១ និងលោក គង់ គឹមនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ។

លោក គង់ គឹមនី អភិបាលរងខេត្តបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាលើឯកសារគោលការណ៍ណែនាំស្ដីពីការចងក្រងសមាជិក ចលនាភូមិ១ ផលិតផល១ រៀបចំបញ្ជីផលិតផលភូមិ ១ផលិតផល១សំខាន់ៗក្នុងខេត្ត និងឈ្វេងយល់ ពីបទពិសោធន៍ បញ្ហាប្រឈមនានានៃខ្សែសង្វាក់ផលិតកម្មទីផ្សារ និងកម្លាំងពលកម្ម។

លោកអភិបាលរងខេត្តបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត និងគណៈកម្មាធិការជំរុញ ចលនាភូមិ១ផលិតផល១ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូល រួមគាំទ្រ និងប្រើប្រាស់ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុក និងឱកាសក្នុងការ ស្វែងរកដៃគូនិយោគឆ្ពោះទៅកាន់ទីផ្សារក្នុងការនាំចេញផលិតផលខ្មែរយើង។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានលើកឡើងថា សព្វថ្ងៃនេះផលិតផលខ្មែរបាន និងកំពុងតែពង្រឹង និងពង្រីក ទាំងគុណភាព ទាំងអនាម័យនិងការរចនាវេចខ្ចប់ប្រកប ដោយសោភណភាពក្នុងការទាក់ ទាញចំណាប់អារម្មណ៍ពីអ្នកទិញនិងអ្នកប្រើប្រាស់ទៀតផង។

ឯកឧត្ដមបានជំរុញដល់អ្នកផលិត សិប្បកម្មនិងសេវាកម្មនានាត្រូវធ្វើយ៉ាងណាផលិត និងកែប្រែផលិតដើម្បីឆ្លើយតបទៅ និងតម្រូវការលើទីផ្សារក្នុងស្រុកនិងក្រៅស្រុកបម្រើដល់ វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន រួមចំណែកក្នុងការសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យ បានលើសពី១ភាគរយជារៀងរាល់ឆ្នាំ៕

ដោយ  ជួន សុជាតិ