ក្រសួងសុខាភិបាល ប្រកាន់ភ្ជាប់នូវគោលការណ៍យុទ្ធសាស្រ្ត៥យ៉ាង (E5) ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពូជា បានប្រកាន់ភ្ជាប់នូវគោលការណ៍យុទ្ធសាស្រ្ត៥យ៉ាង ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយយុទ្ធសាស្រ្ត៥យ៉ាង មានន័យថា ទី១ ការស្រាវជ្រាវជាមុន និងទាន់ពេលវេលា (Early detection) ទី២ បន្តស្រាវជ្រាវរាល់ករណីសង្ស័យ (Early Conduct Tracing) ទី៣ ការដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ (Early Isolation) ទី៤ បញ្ជូនអ្នកជំងឺទៅព្យាបាលភ្លាមៗ (Early Treatment) ទី៥ ការការពារមុនពេលឆ្លង (Early Prevention)។

លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់បកស្រាយបន្ថែមថា ៖ “យុទ្ធសាស្រ្តទី១ គឺជាការុករកស្រាវជ្រាវឱ្យបានទាន់ពេលវាលា រាល់អ្នកដែលមានវិជ្ជមាន នូវវីរុសកូវីដ១៩ យុទ្ធសាស្រ្តទី២ គឺការតាមដាន និងស្រាវជ្រាវ ជាបន្តបន្ទាប់រាល់អ្នកដែលយើងសង្ស័យ ក៏ដូចជារកបណ្តាញនៃការចម្លងបន្ត សម្រាប់ក្រុមណាមួយ ទីតាំងណាមួយ ដោយធ្វើប្រតិបត្តិការឱ្យបានលឿនជាទីបំផុត យុទ្ធសាស្ត្រទី៣ គឺនៅពេលរកឃើញ ឬក៏សង្ស័យថាមានករណីឆ្លងវីរុសកូវីដ១៩ គឺអនុវត្តវិធានការចត្តាឡីស័កភ្លាមៗ ដោយមិនពន្យាពេលនោះឡើយ។ ដោយឡែក សម្រាប់យុទ្ធសាស្រ្តទី៤ និងទី៥ គឺជាការបញ្ជូនអ្នកជំងឺព្យាបាលភ្លាមៗ សម្រាប់ករណីដែលរកឃើញថាមានបុគ្គលណាម្នាក់មានវីរុសកូវីដ១៩ និងអនុវត្តនូវវិធានការការពារ ប្រសើរជាងព្យាបាល ដោយអនុវត្តឱ្យបានលឿនបំផុតវិធានការការពារជាមុន ក្នុងករណីបុគ្គលណាមួយអាចមានការចម្លងវីរុសកូវីដ១៩”។

សម្រាប់ចំណុចទី៥ គឺការការពារមុនពេលមានការចម្លងវីរុសនេះ លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថាជាចំណុចសំខាន់ជាងគេ ព្រោះថាបច្ចុប្បន្ននេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល តែងតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការការពារនេះ ហើយលទ្ធផលគឺកម្ពុជាពុំមានការចម្លងនៅក្នុងសហគមន៍នោះទេសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គួររម្លឹកថា ដោយសារតែយុទ្ធសាស្រ្តទាំង៥នេះហើយ ព្រមទាំងការដាក់ចេញនូវវិធានការការពារប្រកបដោយគតិបណ្ឌិត និងទាន់ពេលវេលា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក៏ដូចជាការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ទាំងអស់ជាលើកទី២។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានចង្អុលបង្ហាញ និងនាំផ្លូវ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសុខាភិបាល ដែលបាននិងកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ព្រមទាំងអង្គការសុខភាពពិភពលោក ដែលបានសហការយ៉ាងល្អប្រសើរក្នុងការងារនេះ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្តវិធានការការពារ ទើបកម្ពុជាមានលទ្ធផលល្អដូចថ្ងៃនេះ។

សូមបញ្ជាក់ផងដែរថា នៅព្រះរាជាណាចក្រកម្ពុជា មានករណីវីរុសកូវីដ១៩ ចំនួន២៧៤ករណី ហើយករណីទាំងអស់ត្រូវបានព្យាបាលជាសះស្បើយ៕

ដោយ ផែន រតនៈ