រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយ

AKP កំពង់ចាម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០–

នារសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ចាម រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នា់ក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត។

ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត វាមានអត្ថប្រយោជន៍ជាច្រើន ដូចជា ការគ្រប់គ្រងនិន្នន័យកិច្ចការផ្សេងៗ តាមបែបអនឡាញ ការគ្រប់គ្រងតាមដានចរន្តការងារ ឯកសារដោយខ្លួនឯង និងការគ្រប់គ្រងទិន្នន័យទាំងអស់ ដែលអាជ្ញាធរខេត្តផ្តល់សេវាជូនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលដល់ថ្នាក់ដឹកនាំ ពិនិត្យមើលនូវវឌ្ឍនភាព នៃការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចឆែកមើលចរន្តឯកសារដោយខ្លួនឯងបាន។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា វិស័យព័ត៌​មាន​វិទ្យា បាន​ដើរ​តួ​សំ​ខាន់​ណាស់​មិន​ថា​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិ​វឌ្ឍន៍​ទេ។ ​ផ្នែក​ព័ត៌មាន​វិទ្យា​​មាន​សារៈ​សំខាន់ខ្ពស់សម្រាប់​កិច្ច​ការ​ទូទៅ ទាំងការងារជាឯកជន ក៏ដូចការងាររដ្ឋបាល​។ ដូចជាការដកប្រាក់ការទូទាត់សាច់ប្រាក់នៃតម្លៃសេវាកម្មផ្សេងៗ និងការគ្រប់គ្រងសេវាកម្មនានា ក៏ដូចការផ្តល់ព័ត៌មានបានលឿន គឺតាមរយៈកម្មវិធីព័ត៌មានវិទ្យានេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ​ឱ្យមន្ត្រីជំនាញនៅតាមអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាបន្ថែម លើវិស័យផ្នែក​ព័ត៌មានវិទ្យា ដែលជាកម្មធីវីគ្រប់គ្រងទិន្នន័យតាមបែបអនឡាញ និងជំរុញដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ខេត្ត ត្រូវធ្វើការផ្សព្វ ផ្សាយឱ្យបាននទូលំទូលាយ នៅតាមបណ្តាអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់កម្មវិធីនេះ ក្នុងការឆែកមើលចរន្តឯកសារដោយខ្លួនឯង ៕ដោយ ឆាយ ម៉ុត