ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០–

កាលពីថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅស្នងការខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការលុបបំបាត់គ្រៀងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្ត ម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ត លោជំទាវលោក លោកស្រី កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងអង្គការជាដៃគូផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា ការ​ជួញ​ដូរ កា​រចែក​ចាយ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដែល​មាន​វិសាល​ភាព​កាន់​តែ​ធំ​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នឹង​ត្រូវ​បង្រួញ​មក​ឱ្យ​តូច​ទៅៗ​ និង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ឱ្យ​នៅ​ទាប​បំផុត​។ ​ដើម្បី​សម្រេច​បាន​នូវ​ក្តី​សង្ឃឹម​នេះ ថ្នាក់ដឹកនាំ​តែ​ម្នាក់​ឯង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ប្រសិ​នបើ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​ប្រជា​ពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា បញ្ហា​គ្រឿង​ញៀន​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​តែ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ត្រឹម​តែ​១៦​លាន​នាក់ ប្រឈម​នឹង​គ្រោះ​មហន្ត​រាយ ប្រសិន​បើ​មិន​មាន​វិធាន​ការ​ទប់​ទល់​ឱ្យ​ទាន់​ពេល​វេលា​។ ជាក់​ស្តែងលំហូរ​គ្រឿង​ញៀន សកម្ម​ភាព​នៃ​ការ​ចែក​ចាយ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដែល​ជា​ជន​រង​គ្រោះ បាន​កើន​ឡើង​ជា​លំដាប់ នេះ​បើ​គ្រាន់​តែ​គិត​ត្រឹម​៣ឆ្នាំ​ចុង​ក្រោយ​ជា​ឧទាហរណ៍​។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការ​ទប់​ស្កាត់​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​ទៅ​បាន គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​មួយ​ចំនួន ដូច​ជា​កត្តា​អ្នក​ដឹក​នាំ។ អ្នក​ដឹក​នាំ​ពេល​នេះបាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ ហើយ​ថា​នឹង​ជីក​រំលើង​ដល់​ឫស​គល់​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ​។ មួយ​ទៀត​កត្តា​សមត្ថ​កិច្ច​ជំនាញ​ ​ជា​ស្ថាប័ន​អនុវត្តន៍​ច្បាប់​មួយ​ដ៏​សំខាន់។ ប្រសិន​បើ​ការ​បង្ក្រាប​គ្រឿង​ញៀន គ្រាន់​តែ​ធ្វើ​លំៗ មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ទេ គ្រឿង​ញៀន​នៅ​តែ​មាន ហើយ​បន្ត​រីក​កាន់​តែ​ធំ។ ការងារ​បង្ក្រាប​គ្រឿង​ញៀន សមត្ថ​កិច្ច​ជំនាញ គួរ​ទទួល​បាន​សិទ្ធិ​សម្រេច ទោះ​ករណី​គ្រឿង​ញៀន​តូច​ក្តី ឬ​ធំ​ក្តី​ ការ​លុប​បំបាត់​គ្រឿង​ញៀន​នៅ​កម្ពុជា ចំណុច​នេះ គួរ​ត្រូវ​វះ​កាត់ ខណៈរាជ​រដ្ឋា​ភិបាល​កំពុង​អនុវត្តន៍​យ៉ាង​ក្តៅ​គគុក​ នៃ​អភិ​ក្រម​ចុង​ក្រោយ​។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងទៀតថា ឱ្យមានការ​ចូល​រួម​ពី​ ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ជា​ពិសេស​ពី​ប្រជាពល​រដ្ឋ ក៏​ជា​ចំណុច​មួយ​សំខាន់​ដែរ រួម​នឹង​កិច្ច​ការពារ​ដ៏​ជាក់​លាក់​មួយ ចំពោះ​អ្នក​រាយការណ៍​អំពី​គ្រឿង​ញៀន​។ ការ​អប់រំ និង​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់ៗ​ពី​សំណាក់​សាលា​រៀន ពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ពី​សង្គម​គ្រួសារ គឺ​ជា​ផ្នែក​មួយដែល​មិន​អាច​កាត់​ផ្តាច់​បាន​។

ឯកឧត្តម អគ្គលេខាធិការ បានជំរុញឱ្យ​សមត្ថកិច្ច​ជំនាញ និង​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​នា​នាប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ រួម​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អប់​រំ​ផង​ នោះ​បញ្ហា​គ្រឿង​ញៀន នឹង​អាច​កាត់​បន្ថយ​បាន​ជា​អតិបរមា និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់ទាំងស្រុងនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេស ផងដែរ៕ដោយ បៃ ស៊ីថុន