រដូវភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការគូលែន៣១៧

AKP សៀមរាប ថ្ងៃទី​​​១១ ខែ​កញ្ញា ឆ្នាំ២០២០

នៅថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញាឆ្នាំ២០២០ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខបងប្អូនយោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងខេត្តសៀមរាប ចំនួន៣០៤គ្រួសារ ដោយបានពាំនាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ មួយចំនួនទៅប្រគល់ជូនផងដែរ។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងខេត្តសៀមរាបនេះដែលជានិច្ចកាល នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ក៏ដូចជានៅតាមបណ្តាកងពល និងអង្គភាពផងដែរ។

       ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ។ ដោយមាននយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឱ្យជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដោយសារគុណបំណាច់ទាំងនេះហើយ ទើបសម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើការផ្តាំផ្ញើដល់បងប្អូនយោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងគ្រុនឈីក ដោយសូមឱ្យបងប្អូនចេះធ្វើអនាម័យឱ្យានជាប្រចាំនៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃនឹងសាប៊ូជាមួយទឹកស្អាតអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសសើរផងដែរចំពោះមេបញ្ជាការ មេបញ្ជា ការរងអង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ។

     ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនមាន ថវិការចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និង គ្រួសារយោធិនពិការទាំង៣០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ត្រីខ, មី, ស្ករស,ទឹកដោះគោ និងថវិកា៣ម៉ីនរៀល ផងដែរ ដោយ ហង្សសៀក