រដ្ឋលេខាធិការក្រសួងសាធារណការ អញ្ជើញចូលរួមក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក

AKP បាត់ដំបង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

នៅព្រឹកថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតជាវេទិកាផ្សព្វ ផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះឡើង គឺដើម្បីធ្វើការក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ឱ្យមានការយល់ដឹងបន្ថែមទៀតស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងដើម្បីជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែប្រសើរឡើងទៀតព្រោះថាពីមួយថ្ងៃទៅមួយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឥតឈប់ឈរ នេះបណ្ដាលមកពីកង្វះការប្រុងប្រយ័ត្ន មិនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនគោរពសិទ្ធិអាទិភាព ជាពិសេសមិនគោរពច្បាប់ចរាចរណ៍តែម្ដង ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺច្រើនជាងការស្លាប់ដោយជំងឺអេដស៍ទៅទៀត ដោយបន្សល់ទុកក្មេងកំព្រា ជនពិការ ស្រ្ដីមេម៉ាយ ការបាត់បង់នូវសមាជិកគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។

ឯកឧត្តម បានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឱ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរ ណ៍ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនៅតាមផ្លូវសាធារណៈ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ អាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធ្វើឱ្យកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពចរាចរណ៍ ក្រោមពាក្យស្លោកថា «ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ ចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ការរឹតបន្តឹងច្បាប់ចរាចរណ៍ និងគុណវិន័យច្បាប់ចរាចរណ៍នេះ មិនមែនមានន័យថា ជាការរឹតបន្តឹងគៀបសង្កត់ប្រជាពលរដ្ឋក្នុងអំឡុងជំងឺកូវីដ-១៩ តែគឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ ចេះស្រឡាញ់អាយុជីវិត ព្រោះបើមិនធ្វើការរឹតបន្តឹងច្បាប់ពីឥឡូវទេ អាត្រានៃគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែបន្តកើនឡើងឥតឈប់ឈរ ។

លោកជំទាវ រដ្ឋលេខាធិការ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរក្រោមស្ថានភាពងងុយគេង ក្រោមជាតិស្រវឹង ឬគ្រឿងញៀនឡើយ ចៀសវាងការបង្កជាហានិភ័យផ្សេងៗជាយថាហេតុ ។ លើសពីនេះទៅទៀតមិនត្រូវភ្លេចខ្លួនថែរក្សាអនាម័យ កាត់បន្ថយការជួបជុំគ្នា ឧស្សាហ៍លាងដៃនឹងសាប៊ូ និងអាល់កុល ពាក់ម៉ាសពេលចេញក្រៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)