ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងមន្រ្ដីរាជការខេត្តកំពង់ឆ្នាំង ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសំរោង ក្នុង​ក្រុងកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

នៅថ្ងៃ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៨ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្ដីរាជការខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តសំរោង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងពីពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះថា ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោល​នយោបាយឈ្នះឈ្នះបានធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព ទើបប្រជាពលរដ្ឋយើងមានឱកាសបាន​ប្រារព្ធ​ពិធីបុណ្យនានា ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិ តាំងពីដូនតារៀងមក។ ជាមួយគ្នានេះពិធីបុណ្យកាន់បិណ្ឌនេះ ពុទ្ធបរិស័ទ ពុទ្ធសាស​​និកខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែល​បងប្អូនជាមន្ត្រី​រាជការ ពុទ្ធបរិស័ទ ជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀន​ធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានា។

ឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍របស់យើង។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រចៀឱ្យឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកទាំងប្រថុយប្រថានខុសច្បាប់។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួននិងរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់ វង្ស។

ក្នុងពិធីកាន់បិណ្ឌវេនទី៨នេះផងដែ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និង លោកជំទាវ ខៀវ បុប្ផាផល ព្រមទាំងមន្ត្រីរាជការអមដំណើរបាននាំយកនូវទេយ្យវត្ថុ រួមមាន៖អង្ករ៦បាវ, មី២កេសធំ និង៦កេសតូច,ទឹកបរិសុទ្ធចំនួន៥២កេស, ទឹកក្រូច ទឹកផ្លែឈើ និងបាកាស២៤កេស,ត្រីខ១កេសធំ, ទឹកត្រី២យួរ ,ទឹកស៊ីអ៊ីវ២យួរ និងបច្ច័យជើងបិណ្ឌ ចំនួន៥.០៥០.០០០ រៀល និង៩០០ដុល្លារអាម៉េរិក និងបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តចំនួន ៥ ៥០០ដុល្លារអាម៉េរិក ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសំរោង ហើយបានរាប់បាត្រ និងវេរប្រគេនចង្ហាន់ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន២៥អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យចំនួន៦ម៉ឺនរៀល ដោយឡែកព្រះគ្រូចៅអធិការ សាដក១ បច្ច័យ១០០ដុល្លារអាម៉េរិក ជូនអាចារ្យគណកម្មការវត្ត លោកតាលោកយាយម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលនិងចែកថវិកាដល់ក្មេងៗ ផងដែរ៕ ដោយ បៃ ស៊ីថុន