សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

១.អាមេរិក៖ ករណីស្លាប់ដោយសារវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១៩០.០០០ នាក់ហើយស្របពេលដែលករណីថ្មីនៅអាមេរិកភាគខាងលិចដែលមានរដ្ឋដូចជា ឡូវ៉ា និងដាកូតាខាងត្បូងបានលេចចេញជាចំណុចរាតត្បាតខ្លំាងបំផុតថ្មី កាលពីប៉ុន្មានសប្តាហ៍មុននេះ។បច្ចុប្បន្នរដ្ឋ ឡូវ៉ាជារដ្ឋមួយក្នុងចំណោមរដ្ឋដ៏ទៃដែលមានអត្រាឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសដោយ ១៥ភាគរយនៃអ្នកធ្វើតេស្តកាលពីសប្តាហ៍មុនទទួលបានលទ្ធផលវិជ្ជមាន។

២.ជប៉ុន៖ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថាអាជ្ញាធរទីក្រុងតូក្យូកំពុង ឈានឆ្ពោះទៅរកការបន្ថយកម្រិតប្រកាសអាសន្នការឆ្លងវីរុសពីកម្រិតខ្ពស់បំផុតខណៈដែលករណីឆ្លងថ្មីបន្តធ្លាក់ចុះទីក្រុងតូក្យូបានដាក់ការប្រកាសអាសន្ននៅខែកក្កដាតាមការណែនំារបស់អ្នកជំនាញបន្ទាប់ពីមានការកើនឡើងនៃករណីឆ្លង។ មកដល់ពេលនេះករណីឆ្លងប្រចាំថ្ងៃរបស់ទីក្រុងតូក្យូបានធ្លាក់ចុះជាបណ្តើរ ៗហើយចាប់តាំង ពីមានករណីឆ្លងខ្ពស់បំផុតកើនឡើងដល់ចំនួន ៤៧២ករណីកាលពីដើមខែសីហាហើយនៅថ្ងៃ ពុធនេះមានករណីឆ្លងថ្មីតែ ១៤៩ ករណីប៉ុណ្ណោះ។

៣.ឥណ្ឌូនេស៊ី៖ តាមការផ្សាយព័ត៌មានប្រចាំថ្ងៃទី ១០ខែកញ្ញានេះបានឲ្យដឹងថាអភិបាលក្រុងហ្សាកាតា បាននិយាយថាទីក្រុងទាំងមូលនឹងវិលត្រឡប់ទៅរកការរឹតបន្តឹងជាទ្រង់ទ្រាយធំឡើងវិញនៅពេលដែលមានការកើនឡើងជាបន្តបន្ទាប់នៃការឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃ។អត្រានៃការស្លាប់ដែលទាក់ទងនឹងវីរុសកូវីដ ១៩ នៅហ្សាការតាក៏បានកើនឡើងចាប់តាំងពីពាក់កណ្តាលខែសីហាមក។

៤.ក្រុមអ្នកជំនាញបាននិយាយកាលនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញានេះថាចំនួនសត្វព្រៃ,បក្សីនិងត្រី នៅទូទាំងសកលលោកបានធ្លាក់ចុះច្រើនជាង ២ ភាគ ៣ ក្នុងរយៈពេលតិចជាង ៥០ឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការហួសកម្រិត។សកម្មភាពរបស់មនុស្សបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទៅ ៣ ភាគ ៤ នៃផ្ទៃដីទាំងអស់និង ៤០ភាគរយនៃផ្ទៃមហាសមុទ្ររបស់ផែនដី ។

អត្ថបទ ឆាយ វីកាល