រដ្ឋមន្ត្រីក្រសួងធម្មការលើកឡើងថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យ ព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានលើកឡើងថា  រាជរដ្ឋាភិ​បាល​បានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពី​ប្រជា​ពលរដ្ឋពោលគឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនា​សម្ព័ន្ធ ​សង្គមជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌​ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។ ការលើកឡើង​របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសជួបសំណេះសំណាល ឧបត្ថម្ភអង្ករ និងថវិកា ជូន​លោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងនោះមាន​អង្ករ និងថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមចំណែកកាត់បន្ថយជីវភាពមួយ​រយ:​ពេលខ្លីនៅក្រសួងធម្មការនិងសាសនា។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃព្រហ្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ថា ក្រៅពីការយកចិត្តទុកដាក់របស់រាជ​រដ្ឋាភិបាល ក្រសួងធម្មការ និងសាសនាក៏បានបំពេញភារកិច្ចប្រកបដោយការ​ទទួលខុស​ត្រូវធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិ សេរីភាព​ពេញលេញក្នុងជំនឿសាសនា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា។ ជាក់ស្ដែងក្នុងពេលនេះ ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្រសួង​បានខិតខំផ្សព្វផ្សាយឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការ​រីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្របខ័ណ្ឌ និងជាប់កិច្ច​សន្យា​នៃក្រសួងធម្មការ និងសាសនាទាំងអស់ កន្លងមក ដែលតែងតែយកចិត្តទុកដាក់ ចំណាយកម្លាំងកាយចិត្ត បញ្ញា ស្មារតីក្នុងការបង្រៀនដល់សមណសិស្ស សិស្ស និស្សិត ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទនេះ ឱ្យចេះ​ថែរក្សា​អនាម័យសុខភាពជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​បង្ការការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សា​អនាម័យ​ដោយទឹកអាល់កុល ឧស្សាហ៍លាងដៃ ហើយកុំឱ្យនៅកៀកគ្នាពេក​ត្រូវនៅ​ចម្ងាយ​​យ៉ាងតិច១ម៉ែត្រកន្លះ៕

ដោយ ឡុង ស៊ីវ៉ាន់
ប្រភព៖ក្រសួងធម្មការ