ការរៀបចំផែនការ និងការអភិវឌ្ឍអត្តពលិករយៈពេលវែង​គឺជាគន្លឹះដ៏សំខាន់ក្នុងការ​អភិវឌ្ឍកីឡា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកថ្លែងថា គ្រូបង្វឹកត្រូវមានការ​រៀបចំ​ផែនការហ្វឹកហាត់ និងការអភិវឌ្ឍកីឡាករ កីឡាការិនីរយៈពេលវែង គឺជាគន្លឹះ​ដ៏​សំខាន់ ហើយក៏ជាបេះដូងនៃការអភិវឌ្ឍវិស័យកីឡាកាន់តែរីកចម្រើន។ លោកបានបន្ដថា ចំណុចដ៏សំខាន់បំផុតទាំងពីរនេះរបស់គ្រូបង្វឹកហែលទឹកក៏ដូចគ្នានឹងប្រភេទកីឡាផ្សេងៗទៀតដែរ ដែលលោកអគ្គលេខាធិការចង់សង្កត់ធ្ងន់ទៅលើគ្រូបង្វឹកណាដែលពូកែ គឺត្រូវតែ​រៀបចំផែនការហ្វឹកហាត់ជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួនឱ្យបានច្បាស់ រួមទាំងផែន​ការកម្មវិធីអភិវឌ្ឍន៍រយៈពេលវែង ដើម្បីជួយជំរុញដល់ការអភិវឌ្ឍកីឡាជំនាញរបស់ខ្លួនកា​ន់តែរីកចម្រើន។ លោកបានបន្ដទៀតថា នៅពេលដែលវិស័យកីឡាហែលទឹកកម្ពុជា​មាន​គ្រូបង្វឹកពេញដោយ សមត្ថភាពគ្រប់គ្រាន់ នោះពួកគាត់នឹងអាចផលិតបាននូវធនធាន​កីឡាករ កីឡាកានិរីកាន់តែសម្បូរបែប នៅតាមបណ្តាក្លឹបនានា ហើយនៅពេលនោះ​សហព័ន្ធ​យើងនឹងអាចមានជម្រើសកាន់តែច្រើនផងដែរ ក្នុងការជ្រើសរើសធនធាន​អត្ត​ពលិក​ខ្លាំងៗ សម្រាប់ការប្រកួតប្រជែងបន្តលើឆាកអន្តរជាតិ។

ទាំងនេះគឺជាការលើកឡើងរបស់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ​កីឡាហែលទឹក ក្រោយបញ្ចប់វគ្គវគ្គ​បណ្ដុះបណ្ដាលគ្រូ​បង្វឹក​ហែល​ទឹក​កម្រិត​ខ្ពស់​ជា​លើក​ដំបូង​តាម​ប្រព័ន្ធ​អន​ឡាញ (FINA Online Swimming Coach Clinic-Advanced Levels) កាល​ពីពេលថ្មីៗនេះ ក្រោមរៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រើប្រាស់​ថវិកាគាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា។

សូមបញ្ជាក់ថា គ្រូឧទ្ទេសប្រចាំវគ្គសិក្សាអនឡាញនេះបង្រៀនដោយលោក James Richards​ ជនជាតិ​អង់គ្លេស​ ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។ សម្រាប់សិក្ខាកាម ដែលជាគ្រូបង្វឹកកម្ពុជាមានចំនួន​១៩នាក់ ក្នុងនោះមាន​២នាក់​មកពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយសិក្ខា​កាម​ ដែល​អាច​ចូល​សិក្សា​វគ្គ​នេះ​បាន​ធ្លាប់​ឆ្លងកាត់​វគ្គ​សិក្សា​កម្រិត​បឋម និងកម្រិត​មធ្យម​រួចហើយៗនេះជា​វគ្គបណ្តុះ​បណ្តាល​​កម្រិត​ខ្ពស់​៕

ដោយ ហេង ណាលីន