ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈ មណ្ឌលចែកចាយទំនិញ នៅក្នុងតំបន់អាស៊ាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថាតាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជាជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។

ការបង្ហាញមហិច្ឆតាបែបនេះក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍ និងហិរញ្ញវត្ថុសិង្ហបុរីហេ ដ្ឋារចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។

ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។ បច្ចុប្បន្ននេះក្រសួង បាននឹងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរី បង្ហាញចំណាប់អារម្មណ៍ខ្ពស់លើគម្រោងមួយនេះ។

កិច្ចប្រជុំនេះមានគោលបំណងបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង Super Port+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា ។ កំណត់លទ្ធផល និងគោលដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh Super Port+។

កំណត់ជំហានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន YCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង ព្រមទាំងស្វែងរកដៃគូអភិវឌ្ឍន៍ក្នុងស្រុក ។ កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀតក្រសួង ក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងជាមជ្ឈមណ្ឌលភ័ស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភ័ស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពី ការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភ័ស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិ បត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះដោយបានរៀបចំជាក្រុមការងារបច្ចេកទេស សម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ដែលមានបំណងចង់សិក្សា និងវិនិយោគលើវិស័យភ័ស្តុភារកម្មនៅកម្ពុជា និងបានស្នើឱ្យភាគីទាំងនោះ ទាក់ទងមកក្រុមការងារបច្ចេកទេសរបស់ក្រសួង ដើម្បីឱ្យក្រុមការងារនេះជួយសម្របសម្រួល និងដោះស្រាយបញ្ហាជូន សំដៅឱ្យការអនុវត្តគម្រោងត្រូវតាមជំហាន និងកាលបរិច្ឆេទរបស់ខ្លួន ដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ សួស សំរិត