កម្ពុជាអរគុណរដ្ឋាភិបាលស្វ៊ីស ដែលជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០–

សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន អរគុណចំពោះរដ្ឋាភិបាលស្វ៊ីស ដែលកន្លងមកបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ។

ថ្លែងក្នុងជំនួបជាមួយលោក Markus Buerli ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វ៊ីស​ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា   រដ្ឋាភិបាលស្វ៊ីស​ការ​ជួយ​​គាំទ្រ​ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាសកម្មភាពមួយផ្ដួចផ្ដើមឡើងក្រោម​ស្នាព្រះហស្ត សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រីឈ្នឺ។

សម្ដេចក្រឡាហោមបានរម្លឹកថា សម្ដេចផ្ទាល់ ក៏មានទំនាក់ទំនងយ៉ាងជិត​ស្និទ្ធជា​មួយលោកសាស្រ្តាចារ្យកាលពីគាត់នៅមានជីវិតផងដែរ។ ទន្ទឹមនេះ សម្តេចក្រឡាហោម​ក៏បានអរគុណផងដែរចំពោះរដ្ឋាភិបាលស្វ៊ីស ដែលបានជួយគាំទ្រដល់ដំណើរការ​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ។

ជុំវិញការងារខាងលើនេះ  សម្តេចបានគូសបញ្ជាក់បន្ថែម  កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​បានចែករំលែកការទទួលខុសត្រូវថ្នាក់ជាតិមួយចំនួនឱ្យថ្នាក់ក្រោមជាតិ ដើម្បីទទួល​ខុស​ត្រូវផ្ទាល់ជាមួយប្រជាជន ហើយការងារកំណែទម្រង់នេះ ក៏ជាកិច្ចការមួយដ៏មានសារៈ​សំខាន់ក្នុងការពង្រឹងប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែរ។

សម្តេចក្រឡាហោមបានលើក​ឡើងថា   ចាប់តាំងពីឆ្នាំ២០០២ដែលដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ​ការ​បានចាប់ផ្ដើម គឺនាពេលនោះមកដល់ពេលនេះ បើប្រៀបធៀបជាមួយប្រទេសជឿន​លឿន​មួយចំនួន ជាការពិតហើយកម្ពុជាពុំអាចធ្វើបានដូចទាំងស្រុងនោះទេ ប៉ុន្តែកម្ពុជាបានដើរ​លើដំណើរផ្លូវកំណែទម្រង់មួយដ៏វែងឆ្ងាយ ក្នុងនោះតាមរយៈផែនការ១០ឆ្នាំ​នៃកំណែ​ទម្រង់​នេះ កម្ពុជាក៏សម្រេចបានសមិទ្ធផលធំៗមួយចំនួន។ ជាក់ស្ដែងចុងក្រោយនេះ កម្ពុជាបាន​ផ្ទេរ​វិស័យសុខាភិបាលទៅឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោក Markus Buerli ប្រធានទីភ្នាក់ការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វ៊ីស​ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា  រដ្ឋាភិបាលស្វ៊ីសកំពុងតែរៀបចំយន្តការយុទ្ធសាស្រ្ត​គាំទ្រ​បន្តទៀតសម្រាប់កម្ពុជាចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ លោកបានបន្ថែមដែរថា  ស្វ៊ីស​ក៏បានចូលរួមចំណែកលើវិស័យមួយចំនួន ជាមួយកម្ពុជាទាំងវិស័យកសិកម្ម វិស័យសន្តិ​សុខ​ស្បៀង ការបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការជួយគាំទ្រដល់មន្ទីរពេទ្យ​គន្ធបុប្ផា៕ ដោយ៖ចាន់ សុធីវង្ស