អភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ និង ៨១៩

AKP បាត់ដំបង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន និងវរសេនាតូចការពារព្រំដែនគោក ៨១៩ ស្រុកកំរៀងខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា នេះជាប្រពៃណីរបស់រដ្ឋបាលខេត្ត ជាមួយសម្ព័ន្ធមេត្រីភាព ក្រុមហ៊ុនសូគីមិច ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅមុនពេលរដូវភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់ ។ ក្នុងគោលដៅលើកទឹកចិត្តដល់កងកម្លាំងនគរបាល ការពារព្រំដែនគោកទាំងអស់ ដែលខិតខំបំពេញភារកិច្ចចំពោះមុខ ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ដោយទទួលបានលទ្ធផលយ៉ាងល្អ ពោលគឺនៅតាម       ​​ បណ្ដោយព្រំដែនរបស់យើង នឹងប្រទេសជិតខាង មិនមានបញ្ហាអ្វីកើតឡើងឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រៅពីភារកិច្ចការពារព្រំដែនគោក កម្លាំងនគរបាលរបស់យើង ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ។ ពិសេសបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានភូមិ ឃុំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀតផង ។ ជាងនេះទៀតកងកម្លាំងការពារព្រំដែនគោករបស់យើង ក៏បានចូលរួមយ៉ាងសកម្មជា មួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងកិច្ចការពារការរីករាលដាល ជំងឺកូវីដ-១៩ បានយ៉ាងសកម្ម ពិសេសចូលរួមពិនិត្យ ដោះស្រាយចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទៀតផង។

ឯកឧត្តម បានធ្វើការផ្ដាំផ្ញើណែនាំឱ្យបន្តសកម្មភាពនេះបន្តទៀត ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានា ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ និងទប់ស្កាត់ភាពអសន្ដិសុខមួយចំនួនដែលបង្កឡើងដោយក្រុមអគតិមួយក្ដាប់តូច ដែលកំពុងតែការញុះញង់ មូលបង្កាច់ផ្សេងៗ ធ្វើឱ្យមានការស្អប់គ្នាទៅវិញទៅមក ធ្វើឱ្យគ្មានស្ថិរភាពសន្ដិសុខនយោបាយ ដោយ សារតែក្រុមខុសច្បាប់មួយក្ដាប់តូចនេះ ។

ក្នុងឱអាសនោះ រដ្ឋបាលខេត្តបាត់ដំបង និង ក្រុមហ៊ុនសូគីមិច បាននាំមកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន មកចែកជូនដល់វរសេនាតូចទាំងពីរ ដោយក្នុងមួយវរសេនាតូចទទួលបាន សាច់ជ្រូក ១០០គីឡូក្រាម នំអន្សម មី ភេសជ្ជៈមួយចំនួន និងថវិកា ៤លានរៀលដែលជាអំណោយរបស់រដ្ឋបាលខេត្ត និង ២លានរៀលទៀតរបស់ក្រុមហ៊ុនសូគីមិច ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)