កិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០—

នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងសមាគមទូកទេសចរណ៍ ។

  លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការទប់ស្កាត់ នៅតាមមាត់ច្រកព្រលានយន្តហោះ ក៏ដូចជានៅតាមច្រកព្រំដែននានា ទទួលបានលទ្ធផលល្អ ថ្វីត្បិតតែវាមានការលំបាកដល់ក្រុមការងាររបស់យើងនៅតាមមាត់ច្រកក៏ដោយ តែប្រជាពលរដ្ឋក្នុងស្រុក និងមន្ត្រីរាជការមានទំនុកចិត្តមិនមានការឆ្លងរាលដាលជំងឺ Covid១៩ នៅក្នុងសហគមន៍ គឺមានតែការនាំចូលមកពីខាងក្រៅប្រទេស ។

 ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បើកកិច្ចប្រជុំថា ដើម្បីជំរុញការអនុវត្តវិធានការសុវត្ថិភាព និងការលើកកម្ពស់គុណភាពទេសចរណ៍តំបន់ឆ្នេរ និងតំបន់ឦសាន ក្រុមការងារបានចុះត្រួតពិនិត្យ និងជំរុញការអនុវត្តសុវត្ថិភាពទេសចរ ណ៍ ពិសេសពិនិត្យលើវឌ្ឍនភាពការងាររបស់មន្ទីរទេសចរណ៍ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដើម្បីដាក់ចេញ និងលើកទិសដៅអនុវត្តន៍នៅពេលខាងមុខ ។

 ឯកឧត្តមបន្តថា យោងតាមប្រធាន អង្គការទេសចរណ៍ពិភពលោកបានឱ្យដឹងថា ជំងឺ Covid១៩ បានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ អូសបន្លាយបន្តទៀត ទាមទារឱ្យយើងគិតគូរពីយុទ្ធសាស្ត្រការអនុវត្តវិធានការទេសចរណ៍ និងការលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ។ ក្រុមការងារទេសចរណ៍ត្រូវចុះពិនិត្យវិធានការទេសចរណ៍នៅលើមូលដ្ឋានទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនដោយគិតគូរពីសុវត្ថិភាពទេសចរណ៍ និងគុណភាពទេសចរណ៍បែបទម្លាប់ថ្មី ។ យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺលើកស្ទួយវិស័យទេសចរណ៍ពីតំបន់សុវត្ថិភាពមួយ មកតំបន់សុវត្ថិភាពមួយ ទាមទារឱ្យគ្រប់ភាគីចូលរួមអនុវត្តន៍នូវវិធានការសុវត្ថិភាព និងគុណភាពទេសចរណ៍ ។ បច្ចុប្បន្នក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការសុវត្ថិភាពទេសចរណ៍ ទាមទារឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធនានា ចូលរួមអនុវន៍រួមគ្នា ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍អន្តរជាតិ ប្រសិនបើយើងមិនបានត្រៀមអនុវត្តន៍វិធានការសុវត្ថិភាព និងគុណភាពទេសចរណ៍ នៅពេលបញ្ចប់ Covid យើងអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានទេ ព្រោះវិស័យទេសចរណ៍ជាមាសបៃតងក្នុងការជួយបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ។ ដូច្នេះប្រតិបត្តិករទេសចរណ៍ត្រូវពង្រឹងសមត្ថភាព គុណភាពទេសចរណ៍ឱ្យបានទាន់ពេលវេលា យើងត្រូវចាប់យកឱកាសនេះ ប្រសិនបើយើងមិនបានគិតគូរទុកមុនយើងនឹងបាត់បង់ឱកាសជាក់ជាមិនខាន ។

 លោកស្រី ស៊ុយ ស្រីមុំ អនុប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងខែសីហា និងដើមខែកញ្ញានេះ ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តតាមកោះ នៃខេត្តព្រះសីហនុ មានការធ្លាក់ចុះរហូត ៩០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយ សារផលប៉ះពាល់ដោយសារជំងឺ Covid១៩ ម្យ៉ាងទៀតការផ្សព្វផ្សាយពីអាកាសធាតុ ក៏ជាបញ្ហាប្រឈមមួយដែរ ធ្វើឱ្យភ្ញៀវទេសចរមិនហ៊ានមកលេងតាមកោះក្នុងខេត្តព្រះសីហនុ តាមពិតអាកាសធាតុក្នុងខេត្តមានលក្ខណល្អធម្មតា ៕ដោយ ងូ សុមុនី