ក្រសួងសុខាភិបាលបញ្ជាក់ពីករណីលួចរត់គេចពីមណ្ឌលចត្តាឡីស័កនៅយប់នេះ ដោយបុរសជនជាតិចិន០២នាក់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ទទួលស្គាល់ថាមានករណីជនជាតិចិន០២នាក់ បានរត់គេចចេញពីសណ្ឋាគារមួយ ពេលកំពុងធ្វើចត្តាឡីស័កពិតប្រាកដមែន។

លោកជំទាវបានមានប្រសាសន៍គូសបញ្ជាក់ថា៖ «ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ខ្ញុំសូមជម្រាបជូននៅពេលនេះថា មានករណីជនជាតិចិន០២នាក់ បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់ នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០»។

សូមបញ្ជាក់ជូនថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ១៩ ជនជាតិចិនទាំង០២នេះ បានមានទំនាស់គ្នា បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។

បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ។ដោយឡែកលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ១៩៕ ដោយ ផែន រតនៈ