CFOCN ផ្តល់អាល់កុលនិងម៉ាស់ជូនក្រសួងសេដ្ឋកិច្ចចាត់ចែងប្រើប្រា​ស់​ដើម្បីចូលរួ​មទប់ស្កាត់នឹងការរាលដាលនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០–

លោក ហឺ លីពីង (Mr. He Lyping) តំណា​ង​​ក្រុមហ៊ុន(ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន   ណេតវើក (CFOCN) និង សហការី បា​​ន​នាំយកអាល់កុលចំនួន ២៥០ គីឡូក្រាម និង ម៉ាស់ចំនួន ២០,០០០ បន្ទះប្រគល់ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការក្រសួ​ង​សេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលថ្ងៃទី៨ខែក​ញ្ញា​ឆ្នាំ២០​២០នៅទីស្ដីការក្រសួ​ង​​​សេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ចាត់ចែងប្រើប្រាស់ដើម្បីចូលរួមជាមួយរាជ​រដ្ឋាភិបាលកម្ពុជា​ក្នុងការទប់ស្កាត់នឹងការរាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩។ ​

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងជម្រាបអង្គពិធីថា ការរីករាលដាលនៃជំងឺផ្លូវដង្ហើ​​មធ្ងន់ធ្ងរនេះគឺជាការខាតបង់មួយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក ក៏ដូចជាព្រះរាជាណាច​ក្រ​កម្ពុជាដែរ ជាពិសេសគឺសម្រាប់វិស័យអប់រំនៅកម្ពុជា ដែលសាលាទូទាំងប្រទេសត្រូវបា​នបិទទ្វារមួយរយៈកាលកន្លងមកនេះ ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ កម្ពុជាអាចទប់ស្កាត់បានល្អប្រសើរលើការរីករាលដាលនៃជំងឺកូវីដ ១៩ និង ឈានមកដល់ការបើកឱ្យ​សិ​ស្ស​​​អាចចូលរៀនឡើងវិញនៅសាលាផ្ទាល់ ។

អំណោយឧបត្ថម្ភរបស់ក្រុមហ៊ុននៅលើកទី២នេះ គឺចំពេលល្អ ដែលកម្ពុជាក៏ដូចជាក្រ​សួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ត្រូវការក្នុងការប្រើប្រាស់ជាចាំបាច់ដើម្បីទប់ស្កាត់នូវការរីក​រាល​ដាលនៃជម្ងឺនេះ ដោយពុំមានការធ្វេសប្រហែស។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រៅពីកាយវិការមនុស្សធម៌នេះ ក្រុមហ៊ុន CFOCN បាននិងកំពុង ផ្គត់ផ្គង់បណ្ដាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងក្រោមដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់ដាច់ស្រយ៉ាលនានា ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ក្នុងកា​រ​ចូលរួមចំណែកដល់បេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយគម្លាតឌីជីថល, ផ្ដល់ជូននូវសេវា Broadband ដល់ផ្ទះ និង សាលារៀន, ការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក និង ឌីជីថល និង ជាពិសេសគឺការពង្រឹងបាននូវមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។

ជាក់ស្ដែងនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមហ៊ុន CFOCN បានសហការយ៉ា​ង​ជិតសិទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការស្ថាបនាបណ្ដាញអ៊ីនត្រាណិតរបស់ក្រសួង ដោយផ្ដល់ជូននូវខ្សែកាប្លិ៍ឆ្អឹងខ្នងដោយឥតគិតថ្លៃតភ្ជាប់ទៅកាន់គ្រប់ការដ្ឋាននានារបស់ក្រសួង ទាំងនៅរាជធានីភ្នំពេញ និង បណ្ដាខេត្តនៅទូទាំងប្រទេស ដោយបានឈានប​ញ្ចប់គម្រោងទី១       នាពេលឆាប់ៗនេះ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានចាប់ផ្ដើ​មប្រើប្រាស់បណ្ដាញអ៊ីនត្រាណិតនេះ សម្រាប់ទ្រទ្រង់ដល់សេវាបច្ចេកវិទ្យាព័ត៌មាន (IC​T​ Services) ជាច្រើន ដូចជា ប្រព័ន្ធ FMIS, Video Conference ដែលបានដាក់ឱ្យដំណើរការជាបណ្ដើរៗនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការធានានិរន្តរភាពនៃដំណើរការការ​ងា​ររបស់ក្រសួងក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ​ ១៩ និង ប្រព័ន្ធនានាពាក់ព័ន្ធនឹងកា​រ​ប្រមូលចំណូលពន្ធដារ និង ពន្ធគយ ជាដើម ។

ជាការឆ្លើយតបលោក ហឺ លីពីង បានគាំទ្រ និង កោតសរសើរចំពោះចំណាត់ការដ៏ល្អរ​បស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើល្អប្រសើរជាងបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រា​ល​ជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតែងតែបង្ក​លក្ខណៈងាយស្រួល និង ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគនានា ក៏ដូចជាក្រុមហ៊ុ​ន CFOCN ក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនឱ្យកាន់តែលូតលាស់ ដូច្នេះដើម្បីជាការតបស្ន​ង ក្រុមហ៊ុនសូមចូលរួមចំណែកក្នុងឱកាសនេះ ដោយផ្ដល់ជូនដល់ក្រសួងសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុជាអាល់កុល និង ម៉ាស់។

តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតស​ភា​ចារ្យ ហ៊ាន សាហ៊ីប បានបួងសួងវត្ថុស័ក្ដិសិទ្ធិប្រសិទ្ធពរជ័យជូនពរដល់ថ្នាក់ដឹកនាំ និង បុគ្គ​​លិកទាំងអស់របស់ក្រុមហ៊ុន CFOCN ឱ្យជួបតែពុទ្ធពរទាំង ៤ ប្រការ មានសុខសុភមង្គ​ល​​ក្នុ​ងក្រុមគ្រួសារ និង ក្រុមហ៊ុនបន្តដំណើរការអាជីវកម្មបានទទួលជោគជ័យជាបន្តបន្ទាប់៕

គង់ សិរីរ័ត្ន