រដ្ឋបាលរាជធានីភ្នំពេញ៖ ក្នុងខែសីហា មានបទល្មើសព្រហ្មទណ្ឌកើតមានឡើង ៥៩លើក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

ក្នុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅក្នុងរាជធានីភ្នំពេញ បានកើតមានឡើងនូវ បទល្មើសព្រហ្មទណ្ឌចំនួន៥៩លើក កើនឡើងចំនួន៤លើក បើប្រៀបធៀបនឹងខែមុន។  នេះបើតាមការបញ្ជាក់របស់ លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី និងមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញផងដែរ។

លោក សេង វណ្ណៈ បានលើកឡើងថា ក្នុងខែសីហា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌកើតមានឡើងចំនួន៥៩លើក លើ៥៥លើក កើន៤លើក ស្លាប់៤នាក់ របួស១៨នាក់។ ក្នុងនេះដែរ សមត្ថកិច្ចក៏បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៥ករណី ឃាត់ខ្លួន បាន៨៣នាក់ បង្ក្រាបតាមដីកាបាន៨ដីកាឃាត់ខ្លួន៨នាក់។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បង្ក្រាបបទល្មើសគ្រឿង ញៀនបានចំនួន១៦៨ករណី ឃាត់ខ្លួនបាន២៨៥នាក់ ក្នុងនោះស្រី១០នាក់ និងបានសហការ បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណី ឃាត់ខ្លួន៩នាក់ ស្រី៣នាក់ ប្រគល់ឱ្យនាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនិងមន្ទីរប្រឆាំងគ្រឿងញៀនចាត់ការតាមច្បាប់។ បង្ក្រាបក្មេងទំនើងបានចំនួន ៦០ករណី ឃាត់ខ្លួន៩៩នាក់ ស្រី២នាក់ ពាក់ព័ន្ធ បទល្មើស៧៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន២៥នាក់ បាន អនុវត្តន៍វិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។

លោកបន្តថា បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន១១ករណី ឃាត់ខ្លួន៧៤នាក់ ស្រី២៦ នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន៣១នាក់ និងធ្វើកិច្ចសន្យា អប់រំ៤៣នាក់។ សហការបង្ក្រាបករណីសញ្ចារកម្ម១ករណី ឃាត់ខ្លួន៥នាក់ (ស្រី) ដកហូត សម្ភារៈពាក់ព័ន្ធមួយចំនួនប្រគល់ឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនចាត់ការតាមច្បាប់។ បង្ក្រាបបទល្មើសសេដ្ឋកិច្ច សហការបង្ក្រាបបាន ៥ករណីឃាត់ ខ្លួនជនជាតិចិន១៧នាក់(ប្រុស)។

លោកបន្តទៀតថា ករណីឃ្លាំងស្តុកចែកចាយគ្រឿងសម្រាប់ផលិតទឹកផ្លែឈើ ទឹកក្រូច ស្រា ប៊ីចេងគ្មានច្បាប់អនុញ្ញាតប្រគល់ជូននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចាត់ការតាមច្បាប់។ បានចុះបង្ក្រាប ទីតាំងក្លឹបកម្សាន្ត៤ទីតាំង ក្នុងខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ ដែល មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ចំនួន៤ទីតាំង ឃាត់ខ្លួន១៨១នាក់ ស្រី៨១នាក់ ធ្វើកិច្ចសន្យាអប់រំ។ សម្រាប់ខែសីហា នេះដែរ គ្រោះអគ្គិភ័យបានកើតមានចំនួន ១២លើក លើ៩លើក កើន ៣លើក ស្លាប់៤នាក់ របួស៨នាក់ឆេះឃ្លាំង ផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។ ចំពោះ គ្រោះថ្នាក់ចរាចណ៍វិញ នៅក្នុងខែសីហានេះ បានកើតមានឡើងចំនួន៧៩លើក លើ៧៦លើក កើនឡើងឡើង៣លើក ស្លាប់៣៣នាក់ លើ២៩នាក់ របួស៩៣នាក់ លើ៩២នាក់ និងខូចខាត រថយន្តចំនួន ១៤៦គ្រឿង៕

ដោយ សួស សំរិត