CAMSOC បន្តពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣បន្ថែម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដោយបន្ត​ពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត លើការពិនិត្យរបាយការណ៍ ផែនការសកម្មភាពរបស់​គណៈ​កម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្តសម្រួចគោលដៅឱ្យ​ទទួលបានជោគជ័យ នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «កម្ពុជាយើងមិនអាចដណ្តើមបានចំណាត់​ថ្នាក់​មេដាយស៊ីហ្គេម ២០២៣ បានលេខ១ លេខ២ លេខ៣ ឬលេខ៤ទេ ប៉ុន្តែយើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីប្រជែងឱ្យបានត្រឹមលេខ៥ ឬលេខ៦ ដោយក្នុងឯកឧត្តមបណ្ឌិតស្នើឲ្យគណៈកម្មការជំនាញ CAMSOC ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដើម្បីឱ្យទទួលជ្រាបនិងផ្តល់ការគាំទ្រដល់ស៊ីហ្គេម លើក​​ទី៣២ ឆ្នាំ២០២៣»។ ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍បានលើកឡើងទៀតថា រឿងប្រជែងមេដាយ​ជា​បញ្ហាសំខាន់មួយ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ គឺយើងត្រូវរួមគ្នា ធ្វើឱ្យកម្ពុជាស្អាត តាមរយៈការ​អប់រំ​ផ្សព្វផ្សាយលើកិច្ចការបដិសណ្ឋារកិច្ចល្អ បរិស្ថានល្អ អនាម័យស្អាត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿង​ញៀនត្រូវបានកាត់បន្ថយ ដើម្បីជំរុញឱ្យមានការប្រែប្រួលមួយថ្មី ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្ដមបានបន្ដថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាដៃគូសំខាន់ គឺទូរទស្សន៍​ជាតិកម្ពុជា និងបណ្តា​ដៃគូ​ផ្សព្វផ្សាយឯកជនដទៃៗទៀត ដើម្បីជំរុញផែនការផ្សព្វផ្សាយ និងព័ត៌មាន​បញ្ជ្រាប​ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានការចូលរួមអំពីតួនាទីភារកិច្ចរបស់ពលរដ្ឋគ្រប់រូប ក្នុង​ឋានៈ​ជាម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងមុនពេលស៊ីហ្គេម ក្នុងពេលស៊ីហ្គេម និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា ក្រោមការចង្អុល​បង្ហាញពី​សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​តែងតែយកចិត្ត ទុកដាក់ខ្ពស់ឱ្យគណៈកម្មការជំនាញរបស់ខ្លួនចំនួន១៤​ធ្វើការងារទៅតាម​ប្រក្រតី​ទិនការងារឱ្យបានរលូន ដើម្បីឱ្យទទួលបាននូវវឌ្ឍនភាពការងារពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយការ​ត្រួតពិនិត្យតាមដាន វាយតម្លៃជាប្រចំានេះ កំពុងជំរុញឱ្យកិច្ចការនានាមានសកម្មភាពយ៉ាងមមាញឹក។ ឯកឧត្តមអគ្គលេខាធិការលើកឡើងនូវបន្ថែមនូវរបៀបវារៈសំខាន់ៗចំនួន៣ ដូចជារបៀបវារៈទី១ ការ ប្រកាសស្តីពីការប្រើប្រាស់ស្លាកសញ្ញា-និមិត្តសញ្ញា (Logo-Mascot) ឱ្យខាងជំនាញយកទៅប្រើប្រាស់​ផ្សព្វ​ផ្សាយឱ្យបានច្បាស់លាស់ចៀសវាងការប្រើប្រាស់បន្លំ ឬក្លែងទម្រង់ទ្រព្សសម្បត្តិរបស់ ស៊ីហ្គេម ឆ្នាំ២០២៣​របស់យើង។ របៀបវារៈទី២-ការពិភាក្សាលើគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ដែលត្រៀម​បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ លើប្រធានបទចំនួនពីរ គឺប្រជាជនម្នាក់លេខកីឡាមួយមុខ ក្នុងមួយជីវិត និងប្រធានបទទីពីរ គឺកម្ពុជាស្អាត-បដិសណ្ឋារកិច្ចល្អ រួមទាំងការអប់រំកាត់បន្ថយនូវភាពអសកម្មក្នុងសង្គម​ដូចជាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀនជាដើម។ ចំណុចនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ឱ្យគណៈកម្មការជំនាញរៀបចំសិក្ខាសាលាមួយ ដើម្បីអប់រំផ្សព្វផ្សាយ​លើការងារ​ប្រកាសនូវយុទ្ធនាការសំខាន់ៗចំនួនពីរនេះ ចាប់ពីពេលនេះតទៅ ដើម្បីឱ្យ​កម្ពុជាមានរូបភាព​វិជ្ជមាន សម្រាប់សមាជិកអាស៊ីអាគ្នេយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រៀមចូលរួមប្រកួតកីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាមតិអន្តរជាតិបានមើលឃើញពីសកម្ម ភាពវិជ្ជមាននៃដំណើរការអភិវឌ្ឍ សន្តិភាព​របស់កម្ពុជា ជាដើម។ ឯកឧត្ដមបានបន្ថែមថា តាមការគ្រោងទុក សិក្ខាសាលាដ៏ធំនេះយើង​នឹងធ្វើ​បទបង្ហាញពី​ខ្លឹមសារសំខាន់ៗលើយុទ្ធនាការពីរនេះ ដោយមានសមាសភាពចូលរួមពីក្រសួង​ស្ថាប័នពាក់​ព័ន្ធ រួមទាំងអាជ្ញាធរទាំង២៥រាជធានី-ខេត្តក្នុងគោល បំណងលើការផ្សព្វផ្សាយបញ្ជ្រាបជូនប្រជា​ពលរដ្ឋឱ្យ​មានការរស់នៅក្នុងឥរិយាបថថ្មីមួយ សម្រាប់សង្គមជាតិរបស់យើង។

ចំពោះរបៀបវារៈទី៣ គឺការពិភាក្សាគ្នាលើផ្នែកថវិកាបឋម ហើយគ្រោងនឹងបន្តពិភាក្សាគ្នា និងស្វែង​រកអ្នក​ជំនាញការបន្ថែមទៀត លើផែនការលម្អិតនៃការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាឱ្យមាន​ភាពសន្សំ​សំចៃលើការប្រើ ប្រាស់ថវិកាជាតិឱ្យបានត្រឹមត្រូវបំផុត៕

ដោយ ហេង ណាលីន