មន្រ្តីអាជ្ញាធរជាតិអប្សរាថា ភ្នាក់ងារទេសចរទាំងអស់ ត្រូវយល់ដឹងពីការគ្រប់គ្រងហានិភ័យប្រាសាទ

AKP សៀមរាប ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

ក្រុមភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិអប្សរាប្រចាំប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ  បានទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌល បណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅថែវរូតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរដែលប្រចាំការផ្ទាល់នៅក្នុងប្រាសាទ។

លោកបន្ថែមថា ការសិក្សានេះ គឺជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពី ស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗជូនដល់ថ្នាក់ ដឹកនាំ ក៏ដូចជាដើម្បីរាយការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។ វគ្គបណ្ដុះ បណ្ដាលនេះ នឹងធ្វើនៅតាមប្រាសាទសំខាន់ៗមួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ ដើម្បី ឱ្យប្រាកដថា ភ្នាក់ងារទេសចរណ៍ទាំងអស់ ទទួលបានចំណេះដឹងជាមូលដ្ឋាន តាមប្រាសាទ នីមួយៗ ដើម្បីរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អ សម្រាប់បច្ចុប្បន្ន និងទៅអនាគត។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងដែរថា ប្រាសាទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរគ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទីកន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ។ ការដឹងទាន់ ពេលវេលានេះ អាចឱ្យអ្នកជំនាញមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។ លោក បន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការថែទាំ ដូចជាការថែទាំថ្មជាដើម។

លោកពន្យល់ទៀតថា ពលរដ្ឋគ្រប់រូបត្រូវមានភារកិច្ចការពារ ថែរក្សាមរតកដូនតា ហើយការងារទាំងនេះជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទយ៉ាងដូច្នោះដែរ៕

ដោយ ឃុត សៅ