អ្នកជំងឺកូវីដ១៩ ដែលនៅសល់ចុងក្រោយ១នាក់ ត្រូវបានផ្លាស់ប្តូរពីមណ្ឌលសុខភាពចាក់អង្រែ មកបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ ចំនួន០១នាក់ចុងក្រោយ ត្រូវបានធ្វើការផ្លាស់ប្តូរកន្លែងព្យាបាលពីមណ្ឌលសុខភាពចាក់អង្រែ មកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីងាយស្រួលក្នុងការតាមដានស្ថានភាពអ្នកជំងឺរូបនេះ។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ៖ “ការផ្លាស់ប្តូរនេះ គឺដើម្បីបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់ការព្យាបាល ព្រោះថាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាបណ្តុំនៃអ្នកឯកទេសផ្នែកជំងឺសួត និងក្រុមគ្រូពេទ្យជំងឺទូទៅផ្សេងៗទៀត និងមានភាពងាយស្រួលក្នុងការតាមដានជំងឺផ្ទាល់ ដោយក្រុមគ្រូពេទ្យឯកទេសទាំងនេះផង។ អ្នកជំងឺរូបនេះមិនមានបញ្ហា ឬរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ និងមិនមានជំងឺប្រចាំកាយនោះទេ ប៉ុន្តែគ្រាន់តែភាពវិជ្ជមានវីរុសកូវីដ១៩ បានបន្តក្នុងរយ:ពេលយូរ ដែលមានអ្នកជំងឺខ្លះ ក៏ធ្លាប់ព្យាបាលមានរយ:ពេលយូរដែរ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ការផ្លាស់ប្តូរទីកន្លែង និងក្រុមគ្រូពេទ្យព្យាបាលគាត់ នឹងអាចជួយជំរុញឱ្យស្ថានភាពអ្នកជំងឺនឹងអាចមានការប្រែប្រួលទៅរកភាពឆ្លើយតបសរីរាង្គរបស់គាត់កាន់តែបានល្អបន្ថែមទៀត ដោយនិតិវិធីព្យាបាលរបស់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះ ហើយខ្ញុំសង្ឃឹមថាអ្នកជំងឺ ក៏ប្រហែលជានឹងអាចវិវត្តទៅរកភាពជាសះស្បើយក្នុងពេលឆាប់ៗនេះ”។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការសាមញ្ញៗទាំង៣ ដើម្បីបង្ការ និងទប់ស្កាត់ វីរុសកូវីដ១៩ ដែលអាចឆ្លងមកលើខ្លួន ក៏ដូចជាសហគមន៍រស់នៅ។

គួររម្លឹកថា កម្ពុជានៅសល់អ្នកវិជ្ជមានជំងឺកូវីដ១៩ តែម្នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងចំណោមករណីសរុបទូទាំងប្រទេសចំនួន ២៧៤នាក់ ដែលត្រូវបានរកឃើញចាប់តាំងពីចុងខែមករា មកម្ល៉េះ៕

ដោយ ផែន រតនៈ