សម្តេចតេជោ បន្តអំពាវនាវដល់ ប្រជាជនកម្ពុជា ចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា « ថ្ងៃទី៩ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា»។

ជាមួយគ្នានោះ សម្តេចតេជោនាយរដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងថ្ងៃកាន់បិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ឆ្លៀតនាឳកាសនោះ សម្តេចតេជោ ក៏បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០៕
ដោយ៖ កន ចំណាន